សហរដ្ឋអាមេរិកបានប្រាប់ទៅកាន់រុស្ស៊ីថា ពួកគេនឹងបញ្ឈប់ការផ្លាស់ប្ដូរទិន្នន័យទាក់ទងនឹងអាវុធនុយក្លេអ៊ែរជាមួយនឹងរុស្ស៊ី ដែលពួកគេហៅវាថា ជាការឆ្លើយតបចំពោះការផ្អាកការចូលរួមរបស់រុស្ស៊ីក្នុងសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ New START។
បើទោះជាប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន មិនបានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាមួយនេះជាផ្លូវការ ប៉ុន្តែការផ្អាកចូលរួមរបស់គាត់កាលពីថ្ងៃទី ២១ កុម្ភៈ បានធ្វើឲ្យសន្ធិសញ្ញាមួយនេះមានការរាំងស្ទះ។ នេះបើតាមការចុះផ្សាយពី CNA។
គួររំលឹកដែរថា សហរដ្ឋអាមេរិក និងរុស្ស៊ីគ្រប់គ្រងលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរស្ទើរតែ ៩០% នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរទូទាំងពិភពលោក ដែលវាមានសមត្ថភាពអាចកំទេចភពផែនដីជាច្រើនលើកច្រើនសារ។
សូមជម្រាបបន្ថែមថា កិច្ចព្រមព្រៀង New START បានចុះហត្ថលេខាកាលពីឆ្នាំ ២០១០ និងមានសុពលភាពដល់ឆ្នាំ ២០២៦ ដើម្បីកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលប្រទេសនានាអាចដាក់ពង្រាយ។
នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះ ទីក្រុងមូស្គូ និងវ៉ាស៊ីនតោន អាចដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រមិនលើសពី ១ ៥៥០គ្រាប់ ដោយប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកលើគោក និងនាវាមុជទឹក ៧០០គ្រឿង ដើម្បីដឹកជញ្ជូនគ្រាប់ទាំងនោះ៕