ចក្រភពអង់គ្លេស បានផ្ទុះឡើងអំពើហឹង្សាអស់រយៈពេលជាងមួយសប្តាហ៍ ខណៈដែលប៉ូលីសបានប៉ះទង្គិចជាមួយនឹងហ្វូងមនុស្ស ដោយបាតុករស្រែកខ្លាំងៗពាក្យស្លោកប្រឆាំងជនអន្តោប្រវេសន៍ និងសាសនាអ៊ីស្លាមនៅក្នុងទីក្រុង និងទីប្រជុំជននានាពីអៀរឡង់ខាងជើង រហូតដល់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអង់គ្លេស។
បើតាមកាសែត Detroit News ភាពចលាចលបានចាប់ផ្តើមបន្ទាប់ពីសកម្មជនស្តាំនិយមប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការវាយប្រហារដោយកាំបិត ដែលបានសម្លាប់ក្មេងស្រីចំនួន ៣នាក់ក្នុងអំឡុងពេលព្រឹត្តិការណ៍រាំ Taylor Swift កាលពីថ្ងៃទី ២៩ខែកក្កដាកន្លងទៅ។
លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស បានហៅក្រុមកុបកម្មថាជា “ចោរស្តាំនិយម” ។ ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយមន្ត្រីអនុវត្តច្បាប់ និងរដ្ឋមន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃអង្គារលោកបាននិយាយថា ជនល្មើសនឹងត្រូវផ្តន្ទាទោសយ៉ាងឆាប់រហ័ស។
សារព័ត៌មានក្នុងស្រុកអង់គ្លេស បានចុះផ្សាយថា មនុស្សជាង ៤០០នាក់ត្រូវបានចាប់ខ្លួនដោយសារតែអំពើហិង្សានៅក្នុងទីក្រុង និងទីក្រុងជាង២០ ហើយប្រហែល ១០០នាក់ត្រូវបានចោទប្រកាន់បន្ទាប់ពីនាយករដ្ឋមន្រ្តីបានប្រកាសពីផែនការបង្កើនប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។
បុរសអាយុ ១៨ឆ្នាំម្នាក់ដែលបានគប់ឡានប៉ូលីសនៅទីក្រុង Bolton ភាគខាងជើងប្រទេសអង់គ្លេស កាលពីថ្ងៃអាទិត្យត្រូវបានគេជឿថា ជាមនុស្សដំបូងគេដែលត្រូវបានកាត់ទោសនៅក្នុងភាពចលាចលនេះ។ ប៉ូលីសបាននិយាយថា James Nelson ត្រូវបានជាប់ពន្ធនាគាររយៈពេលពីរខែកាលពីថ្ងៃអង្គារ បន្ទាប់ពីបានសារភាពកំហុសនៅក្នុងតុលាការ Manchester Magistrates ចំពោះសំណុំរឿងព្រហ្មទណ្ឌ៕
អត្ថបទ៖ ជីវ័ន