កាលពីពេលថ្មីៗនេះ កូរ៉េខាងជើងបានបញ្ចេញក្បាលគ្រាប់នុយក្លេអ៊ែរថ្មី ដែលតូចជាងក្បាលគ្រាប់មុនៗ និងសន្យាថានឹងផលិតអាវុធកម្រិតនុយក្លេអ៊ែរបន្ថែមទៀត ដើម្បីពង្រីកឃ្លាំងអាវុធរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពី KCNA។
ក្បាលគ្រាប់នុយក្លេអ៊ែរថ្មីរបស់កូរ៉េខាងជើង ត្រូវបានគេដាក់ឈ្មោះថា Hwasan-31s ខណៈដែលមេដឹកនាំគីម ជុងអ៊ុន បានទៅទស្សនាវិទ្យាស្ថានអាវុធនុយក្លេអ៊ែរ ជាកន្លែងដែលគាត់បានត្រួតពិនិត្យអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រថ្មី និងបច្ចេកវិទ្យាសម្រាប់ដំឡើងក្បាលគ្រាប់នៅលើកាំជ្រួចផ្លោង ក៏ដូចជាផែនការប្រតិបត្តិការប្រឆាំងនុយក្លេអ៊ែរ។
អ្នកជំនាញក៏បាននិយាយថា ក្បាលគ្រាប់នុយក្លេអ៊ែរថ្មីនេះ ដ្បិតតែមានរូបរាងតូច ប៉ុន្តែមានកម្លាំងខ្លាំង និងតូចល្មមអាចបំពាក់លើកាំជ្រួចផ្លោងអន្តរទ្វីប ដែលមានសមត្ថភាពវាយប្រហារអាមេរិកបាន។
លោក Kim Dong-yup អតីតមន្ត្រីកងទ័ពជើងទឹកកូរ៉េខាងត្បូងដែលបង្រៀននៅសាកលវិទ្យាល័យ Kyungnam បាននិយាយថា ក្បាលគ្រាប់ភាគច្រើនទំនងជាត្រូវបានរចនាឡើង បំពាក់លើសព្វាវុធយ៉ាងហោចណាស់ប្រាំបីផ្សេងគ្នា ដែលមានរួមទាំងកាំជ្រួច និងនាវាមុជទឹក។
សូមជម្រាបដែរថា ប្រទេសកូរ៉េខាងជើងបាននិងកំពុងបង្កើនភាពតានតឹង ដោយបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីកាលពីថ្ងៃច័ន្ទ និងក្លែងធ្វើការវាយប្រហារនុយក្លេអ៊ែរកាលពីសប្តាហ៍មុន ប្រឆាំងនឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលខ្លួនបានចោទប្រកាន់ថា បានហាត់សមការឈ្លានពាន ជាមួយនឹងសមយុទ្ធយោធារបស់ពួកគេ៕