ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim and Mehr បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់ បានរកឃើញបឋមនៃការស៊ើបអង្កេតលើការធ្លាក់ឧទ្ធម្ភាគចក្រដែលបណ្តាឲ្យប្រធានាធិបតី Ebrahim Raisi និងគណៈប្រតិភូរបស់លោកស្លាប់។ នេះបើតាមកាសែត RT ចុះផ្សាយ។
គណៈកម្មាធិការស៊ើបអង្កេតជំនាញបានទៅដល់កន្លែងកើតហេតុកាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីការធ្លាក់យន្តហោះហើយមិនបានរកឃើញសញ្ញានៃផលប៉ះពាល់នៃគ្រាប់កាំភ្លើង ឬការខូចខាតស្រដៀងគ្នានៅក្នុងបំណែកយន្តហោះនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីយោធាអ៊ីរ៉ង់ថា ក្រុមអ្នកស៊ើបអង្កេតបានកំណត់ថា យន្តហោះបានឆេះបន្ទាប់ពីវាបានធ្លាក់មកដល់ដី។
យោងតាមការរកឃើញ ឧទ្ធម្ភាគចក្ររបស់ Raisi មិនបានបាត់ចេញពីផ្លូវហោះហើរដែលបានកំណត់របស់វានោះទេ។ ប្រហែលមួយនាទីកន្លះមុនពេលធ្លាក់ អ្នកបើកយន្តហោះបានទាក់ទងជាមួយឧទ្ធម្ភាគចក្រពីរផ្សេងទៀតនៅក្នុងក្រុមហោះហើរ ដោយបន្ថែមថា គ្មានអ្វីគួរឱ្យសង្ស័យត្រូវបានរកឃើញនៅក្នុងការសន្ទនារវាងអ្នកបើកយន្តហោះនិងអ្នកបញ្ជូន។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា “ភាពស្មុគស្មាញនៃតំបន់អ័ព្ទ និងសីតុណ្ហភាពទាប” ធ្វើឲ្យការប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះត្រូវអូសបន្លាយពេញមួយយប់។ ពួកគេបានបន្ថែមថា ទីតាំងធ្លាក់យន្តហោះពិតប្រាកដត្រូវបានរកឃើញនៅម៉ោង ៥ព្រឹកថ្ងៃចន្ទ ដោយមានជំនួយពីយន្តហោះគ្មានមនុស្សបើក។
សូមជម្រាបជូនថា ទីក្រុងតេអេរ៉ង់បានប្រកាសថា ខ្លួននឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ២៨ ខែមិថុនាខាងមុខ។ បច្ចុប្បន្នអនុប្រធានាធិបតី Mohammad Mokhber បានក្លាយជាប្រធានាធិបតីស្តីទីដោយមានការយល់ព្រមពីមេដឹកនាំកំពូលលោក Ayatollah Ali Khamenei ៕
បកប្រែ៖ សន្យា