ក្រសួងការបរទេសចិន នៅថ្ងៃចន្ទបានជំរុញឱ្យហ្វីលីពីនឈប់ធ្វើការអត្ថាធិប្បាយ ដែលមិនទទួលខុសត្រូវ និងបញ្ឈប់ការព្យាយាមបំភាន់សហគមន៍អន្តរជាតិ បន្ទាប់ពីហ្វីលីពីនបានចោទប្រកាន់ចិនថា បានសាងសង់ “កោះសិប្បនិម្មិត” នៅក្នុងដែនទឹកដែលកំពុងមានជម្លោះ។
សារព័ត៌មាន South China Morning Post ចុះផ្សាយថា ហ្វីលីពីនបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានដាក់ពង្រាយនាវាទៅកាន់តំបន់ជម្លោះនៅសមុទ្រចិនខាងត្បូង ជាកន្លែងដែលខ្លួនបានចោទប្រកាន់ចិនថាបានសាងសង់កោះមួយនៅឆ្នេរ Sabina ។
ការិយាល័យរបស់ប្រធានាធិបតី Ferdinand Marcos Jr បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឆ្មាំឆ្នេរសមុទ្របានបញ្ជូនកប៉ាល់មួយដើម្បីត្រួតពិនិត្យសកម្មភាពខុសច្បាប់របស់ប្រទេសចិនដែលបង្កើតកោះសិប្បនិម្មិត។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា “ការចោទប្រកាន់ដែលធ្វើឡើងដោយភាគីហ្វីលីពីនប្រឆាំងនឹងភាគីចិន គឺគ្មានមូលដ្ឋានច្បាស់លាស់ និងជាការប្រឌិតសុទ្ធសាធ”។
បកប្រែ៖ សន្យា