អ៊ីស្រាអែលបានប្រាប់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ឱ្យចាកចេញពីក្រុង Rafah ខណៈដែលខ្លួនបានបង្កើនប្រតិបត្តិការយោធានៅភាគខាងត្បូងតំបន់ Gaza។ បើតាមសារព័ត៌មាន BBC ចុះផ្សាយថា ខិត្តប័ណ្ណបានធ្លាក់ពីលើអាកាស ហើយបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានប្រាប់អ្នកស្រុកនៅក្នុងសង្កាត់ភាគខាងកើតនៃទីក្រុងឱ្យទៅ al-Mawasi ដែលជាតំបន់ឆ្នេរតូចចង្អៀតដែលអ៊ីស្រាអែលហៅថា “តំបន់មនុស្សធម៌” ។
ផ្នែកខ្លះនៃ Rafah ដែលតាមដងផ្លូវពោរពេញទៅដោយអ្នកស្រុក និងមនុស្សផ្លាស់ទីលំនៅកាលពីប៉ុន្មានថ្ងៃមុន ឥឡូវនេះមើលទៅដូចជាទីក្រុងខ្មោច។ អ៊ីស្រាអែលបាននិយាយថា ខ្លួននឹងបន្តប្រតិបត្តិការដែលបានគ្រោងទុកនៅក្នុងទីក្រុង Rafah បើទោះបីជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតបានព្រមានថា ការវាយលុកអាចបណ្តាលឱ្យមានជនស៊ីវិលស្លាប់បាត់បង់ជីវិត និងវិបត្តិមនុស្សធម៌ក៏ដោយ។
កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា បទឈប់បាញ់នៅ Gaza អាចធ្វើទៅបានភ្លាមៗនៅថ្ងៃបន្ទាប់ ប្រសិនបើក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងរបស់ខ្លួន។ លោកនិយាយថា “អ៊ីស្រាអែលបាននិយាយថា វាអាស្រ័យលើក្រុមហាម៉ាស ប្រសិនបើពួកគេចង់បញ្ឈប់ យើងអាចបញ្ចប់វានៅថ្ងៃស្អែក។ ហើយបទឈប់បាញ់នឹងចាប់ផ្តើមនៅថ្ងៃស្អែក”។
រូបភាពបង្ហាញពីផ្សែងហុយពេញទីក្រុង Rafah កាលពីថ្ងៃសៅរ៍ ហើយសាក្សីដែលត្រូវបានដកស្រង់ដោយ AFP បានរាយការណ៍ថា មានការវាយប្រហារតាមផ្លូវអាកាសនៅជិតច្រកឆ្លងកាត់តំបន់ជាមួយអេហ្ស៊ីប។
សូមជម្រាបថា អ៊ីស្រាអែលបានបើកការវាយប្រហារយោធានៅតំបន់ហ្គាហ្សា ដើម្បីកម្ទេចក្រុមហាម៉ាសជាការឆ្លើយតបនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ទៅលើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី១ ខែតុលា ដែលមនុស្សប្រហែល ១,២00 នាក់បានសម្លាប់ និង២៥២នាក់ផ្សេងទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ នេះបើយោងតាមអាជ្ញាធរអ៊ីស្រាអែល។
ចាប់តាំងពីពេលនោះមក មនុស្សជាង ៣៤.៩០០ នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា។ បើយោងទៅតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស។
បកប្រែ៖ សន្យា