យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីអគ្គីភ័យដ៏ធំមួយបានឆាបឆេះធុងស្តុកសារធាតុគីមីនៅក្នុងសួនឧស្សាហកម្មភាគខាងកើតប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍។
កាសែតក្នុងស្រុកថៃ បានដកស្រង់សម្តីនាយកដ្ឋានទំនាក់ទំនងសាធារណៈនៃខេត្ត Rayong បានឱ្យដឹងថា បុគ្គលិកពន្លត់អគ្គីភ័យបានប៉ាន់ស្មានថា វាអាចចំណាយពេលលើសពី ១០ម៉ោង ទើបអាចពន្លត់ភ្លើងនិងគ្រប់គ្រងបានទាំងស្រុង។ នាយកដ្ឋានបាននិយាយថា កម្មករនិងអ្នកស្រុកប្រហែល ៤០០នាក់ត្រូវបានជម្លៀសចេញទៅកន្លែងស្នាក់នៅបណ្តោះអាសន្ន។
មន្ត្រីបាននិយាយថា ធុងដែលមានសមត្ថភាពផ្ទុកបាន ២,៥០០ ម៉ែត្រគូប ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Mab Ta Phut Tank Terminal ដែលធ្វើសកម្មភាពនៅកំពង់ផែពាណិជ្ជកម្ម និងចំណតផ្ទុកផលិតផលគីមីឥន្ធនៈ។ ពួកគេបាននិយាយថា ធុងនោះមានសាំង Pyrolysis ដែលជាល្បាយនៃសារធាតុគីមីប្រើជាទូទៅក្នុងការលាយប្រេងសាំង។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងស៊ើបអង្កេតមូលហេតុនៃការឆេះ ហើយនឹងអនុវត្តវិធានការដើម្បីការពារកុំឱ្យកើតឡើងនូវឧបទ្ទវាហេតុគ្រោះអគ្គិភ័យនេះម្តងទៀត។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានសម្តែងការចូលរួមរំលែកទុក្ខរបស់ខ្លួនដល់ក្រុមគ្រួសារជនរងគ្រោះ និងបាននិយាយថា ក្រុមហ៊ុនបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សំណងដល់អ្នកដែលរងផលប៉ះពាល់ក្នុងគ្រោះថ្នាក់ដោយចៃដន្យមួយនេះ។
បកប្រែ៖ សន្យា