លោក ថាក់ស៊ីន ជួបលោក អាន់វ៉ា ដើម្បីផ្សះផ្សាបញ្ហាថៃ-ម៉ាឡេស៊ី និងដំណោះស្រាយសង្គ្រាមនៅភូមា

ប្រភព​នានា​និយាយ​ថា អតីត​នាយក​រដ្ឋមន្ត្រី​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​ភូកេត​កាល​ពី​សប្តាហ៍​មុន។ នេះបើតាមកាសែត បាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍ បានឲ្យដឹងថា ជំនួបរវាងលោក ថាក់ស៊ីន និងលោក អាន់វ៉ា ត្រូវគេរំពឹងថា​​ពិភាក្សា​​ រឿងបង្របបង្រួម​ភាព​ចលាចល​ដ៏ខ្លាំងខ្លានៅភាគត្បូងថៃ-ម៉ាឡេស៊ី ព្រមទាំងការប្រយុទ្ធគ្នានៅ​​ប្រទេស​មីយ៉ាន់ម៉ា។ លោកថាក់ស៊ីន ដែលជាមេដឹកនាំមិនផ្លូវការនៃគណបក្សភឿថៃដែលកំពុងកាន់អំណាចបានមកដល់ភូកេតនៅថ្ងៃទី២៩ ខែមេសា ហើយបានចាកចេញទៅវិញនៅថ្ងៃទី២ខែឧសភា។

លោក​បាន​អះអាង​ថា ​ការ​ធ្វើ​ដំណើរ​នេះ​ជា​ដំណើរ​កម្សាន្ត​លក្ខណៈ​ឯកជន ប៉ុន្តែ​សំណួរ​ត្រូវ​បាន​ចោទ​ឡើង​អំពី​គោល​បំណង​ពិត​ប្រាកដ​របស់​លោកនិង​ថា​តើបាន​រំលោភ​លើ​លក្ខខណ្ឌ​នៃ​ការ​ដោះលែង​លោក​ឬ​អត់។

ប្រភពបាននិយាយថា ភាពចលាចលនៅភាគខាងត្បូងត្រូវបានគេជឿថាស្ថិតក្នុងចំណោមប្រធានបទដែលកំពុងពិភាក្សា ដោយសារតែលោក Anwar មានឆន្ទៈក្នុងការដើរតួជាអ្នកសម្រុះសម្រួលក្នុងកិច្ចចរចាសន្តិភាពរវាងប្រទេសថៃ និងក្រុមបះបោរភាគខាងត្បូង ចាប់តាំងពីរដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចា ឡើងកាន់អំណាច។

ជាងនេះទៅទៀត សង្រ្គាមស៊ីវិលក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ត្រូវបានពិភាក្សាក្នុងអំឡុងកិច្ចប្រជុំជាមួយលោក Anwar ផងដែរ ដែលប្រភពបាននិយាយថា លោក Anwar ពីមុនបានជំរុញឱ្យប្រទេសថៃចូលរួមបន្ថែមទៀតនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះនេះ៕

បកប្រែ៖ សន្យា