មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបរបស់លោក ចូ បៃឌិន បាននិយាយថា សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានផ្អាកការដឹកជញ្ជូនគ្រាប់បែកសម្រាប់អ៊ីស្រាអែល ជុំវិញការព្រួយបារម្ភថា ខ្លួនកំពុងបន្តប្រតិបត្តិការជើងគោកដ៏ធំមួយនៅក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយBBC News។
មន្ត្រីរូបនេះបាននិយាយថា អ៊ីស្រាអែលមិនបានដោះស្រាយទាំងស្រុងនូវការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក លើតម្រូវការមនុស្សធម៌របស់ជនស៊ីវិលនៅក្នុងទីក្រុង Rafah នោះទេ។
ជុំវិញរឿងនេះ អ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេចំពោះផ្អាកការផ្តល់ជំនួយជាអាវុធពីសហរដ្ឋអាមេរិក។
មន្ត្រីរដ្ឋបាលសេតវិមានបាននិយាយថា “ជំហររបស់សហរដ្ឋអាមេរិកគឺថា អ៊ីស្រាអែលមិនគួរបើកប្រតិបត្តិការជើងគោកដ៏ធំមួយនៅ Rafah ដែលជាកន្លែងដែលមនុស្សជាងមួយលាននាក់កំពុងជ្រកកោនដោយមិនមានកន្លែងផ្សេងទៀតដែលត្រូវទៅនោះទេ”។
បកប្រែ៖ សន្យា