យោធាបញ្ជាឲ្យជនស៊ីវិលប៉ាឡេស្ទីន ចាកចេញពីភាគខាងកើតទីក្រុង Rafah ជាបន្ទាន់

យោធាអ៊ីស្រាអែល នៅថ្ងៃចន្ទ ទី៦ ខែឧសភានេះបានចេញបញ្ជាឲ្យជនស៊ីវិលប៉ាឡេស្ទីន ចាកចេញពីភាគខាងកើតទីក្រុង Rafah ជាបន្ទាន់ មុនពេលខ្លួនបើកប្រតិបត្តិការតាមការគ្រោងទុកនៅក្នុងទីក្រុងភាគខាងត្បូងជ្រោយហ្គាហ្សា។

សារព័ត៌មាន CNN បានដកស្រង់សម្តីយោធាអ៊ីស្រាអែល ថា ពួកគេបានផ្ញើសារ​ជា​អក្សរ ចែកខិត្តប័ណ្ណ និងប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​ប្រាប់​ប្រជាជន​ឲ្យជម្លៀស ខណៈមនុស្សប្រហែល ១០០ ០០០នាក់ ត្រូវបានដឹកឆ្ពោះទៅកាន់ទីក្រុង Khan Younis និង Al Mawasi ដែលស្ថិតនៅក្បែរនោះ។

ថ្មីៗនេះ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថា ប្រតិបត្តិការយោធានៅទីនោះ ពិតជាចាំបាច់ណាស់ ដើម្បីកម្ចាត់សកម្មប្រយុទ្ធក្រុមហាម៉ាសដែលនៅសេសសល់។

បទបញ្ជាជម្លៀសនេះទៀតសោត កើតឡើងចំពេល កិច្ចពិភាក្សាស្វែងរកបទឈប់បាញ់ ក្នុងតំបន់ហ្គាហ្សា និងការរំដោះចំណាប់ខ្មាំង នៅតែជាប់គាំង។ មូលហេតុចម្បងមួយដែលធ្វើឲ្យកិច្ចព្រមព្រៀងនេះពិបាកលេចឡើងជារូបរាងគឺថា ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស សុទ្ធតែមិនឯកភាពគ្នាលើលក្ខខណ្ឌរៀងៗខ្លួន៕

បកប្រែ៖ សន្យា