ប្រធានាធិបតីបារាំង បាននិយាយថា ខ្លួននឹងបញ្ជូនកងទ័ពទៅឲ្យប្រទេសអ៊ុយក្រែនភ្លាមៗ ក្នុងករណីដែលរុស្ស៊ីបានវាយបំបែកទ័ពជួរមុខរបស់អ៊ុយក្រែន។ នេះបើតើតាមសារព័ត៌មាន The Economist ចេញផ្សាយកាលពីថ្ងៃទី២ ខែឧសភា។
លោក ម៉ានូអ៊ែល ម៉ាក្រុង (Emmanuel Macron) និយាយថា លោកនឹងមិនបដិសេធក្នុងការបញ្ជូនកងទ័ពភ្លាមៗឲ្យទៅអ៊ុយក្រែននោះទេ ក្នុងករណីដែលរុស្ស៊ីបានវាយបំបែកទ័ពជួរមុខរបស់អ៊ុយក្រែន។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន The Economist បានប្រកាសនៅតែរក្សាជំហរគាំទ្ររដ្ឋាភិបាលអ៊ុយក្រែន នៅក្នុងជម្លោះសង្គ្រាមតតាំងជាមួយរុស្ស៊ី។ លោកថា ប្រទេសអឺរ៉ុបត្រូវចេះការពារខ្លួនឯង ខណៈដែលរុស្ស៊ីបានប្រើកងកម្លាំង បង្កជាអស្ថិរភាពក្នុងតំបន់ គួបផ្សំជាមួយការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរថែមទៀត។
លោកនិយាយបន្ថែមថា «ខ្ញុំមានគោលដៅយុទ្ធសាស្ត្រច្បាស់លាស់ណាស់ គឺ រុស្ស៊ីមិនអាចយកឈ្នះអ៊ុយក្រែនទេ។ ប្រសិនបើរុស្ស៊ីឈ្នះអ៊ុយក្រែន វានឹងគ្មានទៀតទេនូវសន្តិសុខក្នុងអឺរ៉ុប។ នរណាគេហ៊ានធ្វើពុតថា រុស្ស៊ីនឹងបញ្ឈប់ត្រឹមហ្នឹង? តើសន្តិសុខនឹងមានទេសម្រាប់ប្រទេសជិតខាងដូចជា ម៉ុលដាវី រូម៉ានី ប៉ូឡូញ លីទុយអានី និងប្រទេសផ្សេងទៀត»។
កាលពីខែកុម្ភៈកន្លងទៅ ក្នុងជំនួបជាមួយមេដឹកនាំអឺរ៉ុបមកពីប្រទេសចំនួន២០ បារាំងធ្លាប់ប្រកាសសន្យាបញ្ជូនអាវុធ និងទាហានឲ្យទៅអ៊ុយក្រែនបន្ថែមទៀត បូករួមទាំងជំនួយយោធាតម្លៃប្រមាណ ៣,២១ពាន់លានដុល្លារ៕
បកប្រែ៖ សន្យា