ក្រុមហាម៉ាស កាលពីថ្ងៃពុធ ទី១ ខែឧសភាម្សិលមិញ បានព្រមានថា ការចរចារបទឈប់បាញ់ជាមួយអ៊ីស្រាអែលនឹងត្រូវផ្អាក ប្រសិនបើអ៊ីស្រាអែល វាយប្រហារថ្មើជើងលើទីក្រុង រ៉ាហ្វា (Rafah) នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip)។
សារព័ត៌មាន AI Jazeera បានចុះផ្សាយនៅថ្ងៃនេះថា នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ អាល់ម៉ាណា (al-Manar) មានមូលដ្ឋាននៅប្រទេសលីបង់ មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស បាននិយាយថា ក្រុមហាម៉ាស នឹងបញ្ឈប់រាល់ការចរចាដោយប្រយោលជាមួយអ៊ីស្រាអែល ប្រសិនបើខ្លួនបើកប្រតិបត្តិការយោធាជើងគោកប្រឆាំងនឹងក្រុងរ៉ាហ្វា។
ជាមួយគ្នានេះដែរ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏បាននិយាយដែរថា អ៊ីស្រាអែលនឹងវាយចូលទៅក្នុងទីក្រុង រ៉ាហ្វា និងលុបបំបាត់កងវរសេនាតូចហាម៉ាស នៅទីនោះ ទោះជា «មាន ឬមិនមាន» កិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាសក៏ដោយ។
សូមជម្រាបថា កាលពីចុងខែមេសាកន្លងទៅ បុគ្គលជិតស្និទ្ធនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែលកំពុងរង់ចាំការឆ្លើយតបពីក្រុមហាម៉ាស ចំពោះសំណើដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា និងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលមកវិញ មុនពេលបញ្ជូនក្រុមប្រតិភូទៅកាន់ទីក្រុងគែរ ដើម្បីបន្តការចរចា៕
បកប្រែ៖ សន្យា