កាលពីថ្ងៃអង្គារ នាវាឆ្មាំឆ្នេរសមុទ្រចិន បានប្រើកាណុងបាញ់ទឹកបាញ់ទៅលើនាវាល្បាតហ្វីលីពីនចំនួន ២ គ្រឿងនៅជិតតំបន់ថ្មប៉ប្រះទឹកក្នុងសមុទ្រចិនខាងត្បូង ដែលនេះគឺជាភាពតានតឹងថ្មីមួយទៀតនៅក្នុងដែនទឹកដែលកំពុងមានជម្លោះរវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន ឧត្តមសេនីយ៍ត្រី Jay Tarriela បាននិយាយថា នាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីនអមដោយកប៉ាល់នេសាទកំពុងល្បាតដែនទឹកនៅតំបន់ថ្មប៉ប្រះទឹក Scarborough Shoal នៅពេលដែលនាវាឆ្មាំឆ្នេរសមុទ្រចិនចំនួន ៤ គ្រឿង និងនាវាកងជីវពលចំនួន ៦ គ្រឿងផ្សេងទៀតកំពុងអនុវត្តការល្បាតទប់ស្កាត់ការបង្កហេតុដ៏គ្រោះថ្នាក់ណាមួយ។
លោកបន្តថា ក្នុងពេលដំណាលគ្នានោះ កប៉ាល់ឆ្មាំសមុទ្រចិនបានប្រើកាណុងបាញ់ទឹកបាញ់ទៅលើនាវានេសាទហ្វីលីពីន BRP Bankaw ហើយនាវាឆ្មាំសមុទ្រចិន ២ គ្រឿងផ្សេងទៀតបានបើកបុកកប៉ាល់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន BRP Bagacay ដោយបណ្ដាលឲ្យបាក់បង្កាន់ដៃនាវា និងខ្ទេចដំបូលនាវា ។
ទោះយ៉ាងណា ប្រទេសចិនបានហៅសកម្មភាពបាញ់ទឹករបស់ខ្លួនកាលពីថ្ងៃអង្គារថាជា “វិធានការចាំបាច់” ។ លោក Gan Yu អ្នកនាំពាក្យឆ្មាំសមុទ្រចិនបាននិយាយថា “ទង្វើរបស់ហ្វីលីពីនបានរំលោភលើអធិបតេយ្យភាពរបស់ចិន” ។ លោកបានទទូចថា “ចិននឹងបន្តអនុវត្តសកម្មភាពស្របតាមច្បាប់ដើម្បីការពារសិទ្ធិសេរីភាពនៅក្នុងដែនទឹករបស់ខ្លួន ហើយនឹងរក្សាយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិដែនសមុទ្ររបស់ប្រទេសយើង” ។
មួយរយៈចុងក្រោយនេះភាពតានតឹងរវាងចិន និងហ្វីលីពីន នៅដែនទឹកក្នុងសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះកាន់តែក្ដៅគគុក ស្របពេលថ្មីៗនេះកងកម្លាំងឆ្មាំឆ្នេរចិនក៏បានប្រើកាណុងបាញ់ទឹកបាញ់ទៅលើនាវាហ្វីលីពីនផងដែរ ដែលបណ្ដាលឲ្យក្រុមនាវិកមួយចំនួនរងរបួស៕
បកប្រែ៖ សន្យា