ឥណ្ឌូណេស៊ីពន្យាពេលទិញយន្តហោះចម្បាំង ក្រោយសារពើពន្ធនៅមានកម្រិត

រដ្ឋាភិបាលឥណ្ឌូណេស៊ីសម្រេចចិត្តពន្យាពេលលើគម្រោងទិញយកយន្តហោះចម្បាំងម៉ូឌែល Mirage 2000-5 ចំនួន ១២គ្រឿងដោយសារតែបញ្ហាសារពើពន្ធនៅមានកម្រិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

អ្នកនាំពាក្យរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីលោក Dahnil Simanjuntak បានផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍មួយនៅសប្តាហ៍នេះថា ការពន្យាពេលទិញយន្តហោះត្រូវបានធ្វើឡើង ក្រោមការសម្រេចពីរដ្ឋមន្ត្រីការពារជាតិ និងហិរញ្ញវត្ថុ។ បន្ថែមពីនោះ លោកបានបន្តថា រដ្ឋាភិបាលពន្យាពេលទិញយកនូវយន្តហោះ Mirage នេះក៏ដោយសារតែសមត្ថភាពនៃសារពើពន្ធរបស់ខ្លួនផងដែរ។

គួររម្លឹកផងថា កាលពីឆ្នាំមុនក្រសួងការពារជាតិឥណ្ឌូណេស៊ីបាននិយាយថា ខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនការពារជាតិឆែក (Czech) Czechoslovak Group (CSG) ដើម្បីទិញយន្តហោះចម្បាំង Mirage 2000-5 ចំនួន ១២គ្រឿងកាលពីខែមករា ឆ្នាំ២០២៣ ដែលមានតម្លៃ ៧៣៣លានអឺរ៉ូ (៨០១,៦៨ លានដុល្លារ) ។

តាមរយៈកិច្ចព្រមព្រៀង យន្តហោះមួយទឹកប្រភេទនេះ ត្រូវបានកំណត់ថានឹងត្រូវប្រគល់ឲ្យដល់ដៃឥណ្ឌូណេស៊ី ក្នុងរយៈពេល ២៤ខែបន្ទាប់ពីចុះហត្ថលេខារួច។ រដ្ឋាភិបាលទីក្រុងហ្សាកាតា បានធ្វើការបញ្ជាក់ថា ខ្លួនធ្វើឡើងគឺដើម្បីយកមកប្រើប្រាស់ទុកជាការបម្រុង ខណៈពេលដែលខ្លួនកំពុងរង់ចាំការមកដល់នៃយន្តហោះចម្បាំង Rafale មួយចំនួនក្នុងចំណោម ៤២គ្រឿងដែលហ្សាកាតាបានទិញក្នុងឆ្នាំ២០២២ ក្នុងតម្លៃ ៨,១ពាន់លានដុល្លារ។

គួរបញ្ជាក់ថា ការសម្រេចចិត្តពន្យារពេលទិញយន្តហោះចម្បាំង Mirage បានកើតឡើង ទោះបីជាប្រធានាធិបតី Joko Widodo បានយល់ព្រមបង្កើនការចំណាយក្នុងវិស័យការពារជាតិចំនួន២០%ទៀត រហូតដល់ចុងឆ្នាំ២០២៤ ក្រោមបុព្វហេតុដើម្បីធ្វើឲ្យវិស័យការពារជាតិមានភាពរឹងមាំដល់ចំនួន ២៥ពាន់លានដុល្លារ៕