ទីភ្នាក់ងារសារព័ត៌មាន KCNA បានចុះផ្សាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយចំៗថា ទីក្រុងព្យុងយ៉ាងនឹងមិនស្ទាក់ស្ទើរអីបន្តិចនោះទេ ក្នុងការបាញ់បង្ហោះអាវុធនុយក្លេអ៊ែរ សំដៅទៅលើប្រទេសណាមួយ ដែលហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរ មកបង្កជម្លោះលើប្រទេសរបស់ខ្លួន។
លោក គីម ជុងអ៊ុន បានធ្វើការកត់សម្គាល់បែបនេះ ខណៈពេលដែលលោកបានជួបជាមួយបណ្តាទាហានទាំងឡាយ ដែលធ្វើការនៅក្រោមការិយាល័យមីស៊ីលរបស់យោធា ហើយលោកក៏បានអបអរសាទរពួកគេ ចំពោះសមយុទ្ធបាញ់បង្ហោះមីស៊ីលអន្តរទ្វីប (ICBM) នាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង។
លោក គីម ក៏បាននិយាយផងដែរថា ការធ្វើតេស្តនេះបានបង្ហាញពីភាពស្មោះត្រង់ និងជំហរដ៏រឹងមាំរបស់កងកម្លាំងប្រដាប់អាវុធ ហើយបានពន្យល់យ៉ាងច្បាស់អំពីរបៀបប្រឆាំងនឹងការវាយលុក ការវិវត្តន៍នៃយុទ្ធសាស្ត្រនុយក្លេអ៊ែរ និងគោលលទ្ធិរបស់ប្រទេសកូរ៉េខាងជើង ដែលមិនស្ទាក់ស្ទើរសូម្បីតែការវាយប្រហារនុយក្លេអ៊ែរ នៅពេលដែលមានការបង្កហេតុអាវុធនុយក្លេអ៊ែរណាមួយ ពីសំណាក់សត្រូវបរទេស។
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងសប្តាហ៍នេះ ប្រទេសកូរ៉េខាងជើង បានលើកឡើងផងដែរថា ខ្លួនបានបាញ់សាកល្បងនូវមីស៊ីលផ្លោងអន្តរទ្វីប ICBM ថ្មីបំផុតរបស់ខ្លួនកាលពីថ្ងៃចន្ទ ដើម្បីវាស់ស្ទង់សមត្ថភាពនៃកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ប្រឆាំងនឹងការបង្កើនអរិភាពរបស់សហរដ្ឋអាមេរិក។
យ៉ាងណា លុះមកដល់ថ្ងៃពុធ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោលទោសការបាញ់មីស៊ីលផ្លោងនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង និងបានជំរុញឱ្យទីក្រុងព្យុងយ៉ាង មកចូលរួមក្នុងការសន្ទនាសំខាន់ៗ ដោយគ្មានលក្ខខណ្ឌកំណត់ទុកជាមុន។
លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយនៅថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងសម័យប្រជុំបន្ទាន់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលបានធ្វើឡើងបន្ទាប់ពីការបាញ់បង្ហោះមីស៊ីល ICBM របស់កូរ៉េខាងជើង ដោយបាននិយាយថា វាគឺជាការអនុវត្តសិទ្ធិការពារប្រទេសរបស់ខ្លួន។
លោកស្រីបានបន្ថែមទៀតថា UNSC គួរតែដាក់ទំនួលខុសត្រូវខ្ពស់លើអកប្បកិរិយា និងទង្វើមិនទទួលខុសត្រូវរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលបានធ្វើឲ្យមានភាពតានតឹង នៅលើឧបទ្វីបកូរ៉េកាន់តែធ្ងន់ធ្ងរទៅៗ តាមរយៈការបង្កហេតុខាងយោធាគ្រប់បែបយ៉ាង ពេញមួយឆ្នាំនេះ៕