រដ្ឋាភិបាលនៃប្រទេសនេប៉ាល់បានអំពាវនាវ សុំឲ្យរដ្ឋាភិបាលក្រុងមូស្គូបញ្ឈប់ការជ្រើសរើស ប្រជាជនរបស់ខ្លួន សម្រាប់ការបម្រើកងទ័ពរុស្ស៊ី និងសុំឲ្យមានការបញ្ជូនកងកម្លាំងយោធារុស្ស៊ី ដែលជាជនជាតិនេប៉ាល់ទាំងអស់ មកកាន់ប្រទេសកំណើតវិញ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា មូលហេតុដែលរដ្ឋាភិបាលនេប៉ាល់ ដាក់សំណើបែបនេះទៅកាន់រុស្ស៊ី គឺបន្ទាប់ពីទទួលបានដំណឹងថា ទាហានរុស្ស៊ី ៦នាក់ ដែលជាជនជាតិនេប៉ាល់ បានបាត់បង់ជីវិតនៅក្នុងសង្គ្រាម។
រដ្ឋាភិបាលនេប៉ាល់ បានទាមទារឲ្យរដ្ឋាភិបាលរុស្ស៊ីបញ្ជូនសពទាហាននេប៉ាល់ទាំង ៦រូប មកស្រុកកំណើត ក៏ដូចជាផ្ដល់សំណងទៅកាន់គ្រួសារសពផង ខណៈពួកគេគឺជាទាហានស្ម័គ្រចិត្ត ដែលចូលបម្រើកងយោធារុស្ស៊ី ជាថ្នូរនឹងការចូលជាសញ្ជាតិរុស្ស៊ី បើសិនជាបម្រើកងទ័ពបានមួយឆ្នាំ។
គួររំលឹកបន្តិចថា ទាហាននេប៉ាល់ ដែលត្រូវបានគេដាក់រហស្សនាមថា Gurkhas គឺល្បីពីភាពក្លាហាន និងការប្រយុទ្ធដ៏អង់អាចរបស់ពួកគេ និងបានបម្រើកងទ័ពអង់គ្លេស និងឥណ្ឌា តាំងពីឆ្នាំ១៩៤៧ ក្រោមកិច្ចព្រមព្រៀងរវាងប្រទេសទាំង៣៕