នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា បញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថៃថ្មី គួរតែរៀបចំរួចរាល់ និងត្រូវប្រគល់ជូនព្រះមហាក្សត្រ នាថ្ងៃសុក្រនេះ បើទោះជានៅមានមន្ទិលសង្ស័យពីសមត្ថភាពរបស់បេក្ខជនខ្លះក្ដី។
ទាក់ទិននឹងបញ្ហាមួយនេះ នាយករដ្ឋមន្ត្រីថៃលើកទី៣០ បានអះអាងថា មិនចាំបាច់ព្រួយបារម្ភអំពីក្រមសីលធម៌របស់បេក្ខជននោះទេ ព្រោះពួកគេត្រូវបានជ្រើសរើសដោយផ្អែកលើលក្ខណៈសម្បត្តិរបស់ពួកគេ ដូចដែលបានកំណត់ដោយច្បាប់។ នេះបើតាមការចុះផ្សាយពីកាសែត Bangkokpost។
ជាមួយគ្នានោះ ក្រុមប្រឹក្សារដ្ឋក៏បានស្នើឲ្យសុំការបញ្ជាក់ពីអត្តសញ្ញាណ នៃសមាសភាពរបស់បេក្ខជននានា ដែលមានឈ្មោះក្នុងបញ្ជីបង្កើតគណៈរដ្ឋមន្ត្រីថ្មី។
“គ្រប់បេក្ខភាពទាំងអស់គឺ ទទួលបានការវាយតម្លៃស្មើៗគ្នា។ បើសិនជាក្រុមប្រឹក្សាយល់ថា បុគ្គលម្នាក់នោះ អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងតំណែងណាមួយ នោះវានឹងមិនមានការសង្ស័យអ្វីទៀតទេ អំពីសមត្ថភាពរបស់បុគ្គលម្នាក់នោះ”។ នេះបើតាមសម្ដីរបស់លោក Srettha បានលើកឡើង៕