នាថ្ងៃទី២៥ ខែសីហានេះ កងទ័ពហ្វីលីពីន និងអូស្ត្រាលី បានរៀបចំធ្វើសមយុទ្ធយោធារួមគ្នា នៅសមុទ្រចិនខាងត្បូង ដែលចិនអះអាងថាជាកម្មសិទ្ធរបស់ខ្លួន។
យោងតាមការចុះផ្សាយពីបណ្ដាញសារព័ត៌មាន CNA បានបង្ហាញថា នៅក្នុងសមយុទ្ធយោធានោះ មានកងទ័ពអូស្ត្រាលីប្រហែល ១ ២០០នាក់ និងមានកងទ័ពហ្វីលីពីន ៥៦០នាក់ ប្រដាប់ដោយអាវុធ និងមានយានយន្តសម្រាប់ត្រៀមធ្វើសង្គ្រាមផង។
ជាមួយគ្នានោះ អូស្ត្រាលីក៏បានបញ្ជូនយន្តហោះចំបាំង F-35 ២គ្រឿង ក៏ដូចជានាវាចំបាំង បើកក្រឡឹងជុំវិញដែនសមុទ្រចិនខាងត្បូងថែមទៀត។
សូមជម្រាបដែរថា កន្លងមកចិន និងហ្វីលីពីន តែងតែលើកយកបញ្ហាសមុទ្រចិនខាងត្បូង មកជជែកវែកញែកមិនចេះចប់មិនចេះហើយ ខណៈវាក៏ជាហេតុផលបង្កឲ្យទំនាក់ទំនងប្រទេសទាំង២ មិនសូវជាល្អ និងជាហេតុធ្វើឲ្យហ្វីលីពីនងាកទៅបង្កើនទំនាក់ទំនងជាមួយអាមេរិក ជាជាងចិនផងដែរ៕