ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីការវិលត្រឡប់ចូលស្រុកកំណើតវិញ

អតីតនាយករដ្ឋមន្ត្រីថៃ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងវិលត្រលប់មកកាន់ប្រទេសកំណើតវិញ នៅថ្ងៃអង្គារ ទី ២២ ខែសីហាខាងមុខនេះ។

សារព័ត៌មានធំៗជាច្រើន បានធ្វើការចុះផ្សាយអំពីការវិលត្រលប់មកប្រទេសថៃវិញ របស់លោក ថាក់ស៊ីន បន្ទាប់ពីកូនស្រីពៅរបស់លោក គឺលោកស្រី Paetongtarn បាននិយាយនៅលើបណ្តាញសង្គមថា លោកស្រី នឹងទៅប្រលានយន្តហោះ​អន្តរជាតិ Don Muang ដើម្បីស្វាគមន៍ឪពុករបស់លោកស្រី ចំពោះការវិលត្រលប់ចូលប្រទេសវិញ។

ជុំវិញព័ត៌មានទាំងនេះ លោក ថាក់ស៊ីន បានប្រាប់ទៅកាន់សារព័ត៌មាន BCC Thai ថា នៅថ្ងៃទី ២២ នឹងជាការវិលត្រលប់មកកាន់ប្រទេសថៃវិញយ៉ាងពិតប្រាកដ នឹងមិនមានការពន្យាពេលអ្វីទៀតនោះឡើយ។

លោកបានលើកឡើងបែបនេះ នៅមុនពេលចាកចេញពីទីក្រុងឌុយបៃ ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី និងបន្តចុះចតនៅទីក្រុងបាងកក នាម៉ោង ៩ ព្រឹក ស្អែកនេះ។

ទន្ទឹមនឹងនេះ លោក ថាក់ស៊ីន ក៏បានអះអាងផងដែរថា ចំពោះថ្ងៃនៃការវិលត្រលប់ចូលប្រទេសថៃវិញនេះ គឺមិនមានពាក់ព័ន្ធជាមួយនឹងកិច្ចប្រជុំសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនោះឡើយ ដោយការវិលត្រលប់ចូលស្រុកកំណើតនេះ ត្រូវបានគ្រោងទុកជាយូរណាមកហើយ។

ជម្រាបជូនផងដែរថា លោក ថាក់ស៊ីន បានសម្រេចភៀសខ្លួនចេញពីប្រទេសថៃ ចាប់តាំងពីលោកត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារយោធា នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៦ មក ខណ:ពេលដែលលោក កំពុងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក៕