ក្រសួងការបរទេសចិន បានអំពាវនាវម្តងហើយម្តងទៀតអោយហ្វីលីពីនដកនាវាចម្បាំងកាលសម័យសង្គ្រាមលោកលើកទី២ ដែលទីក្រុងម៉ានីលប្រើប្រាស់ជាមូលដ្ឋានយោធាបណ្តោះអាសន្ន នៅឯថ្មប្រប្រាស់ទឹកក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Aljazeera។
ខណៈនាថ្ងៃអង្គារនេះ ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាថ្មីម្តងទៀតហើយ ប្រទេសចិនបានជំរុញអោយភាគីហ្វីលីពីនអូសនាវាចម្បាំងចេញពីតំបន់ Thomas Shoal ទីពីរ ហើយថែមទាំងបានបន្ថែមទៀតថា ខ្លួនបានប្រាស័យទាក់ទងទៅកាន់ហ្វីលីពីនអំពីបញ្ហានេះជាច្រើនដងហើយតាមរយៈការទូត បន្តែត្រូវបានហ្វីលីពីនហាក់បីដូចជាមិនអើពើទាល់តែសោះ”។
ដោយឡែកហ្វីលីពីនឯណោះវិញ បានឆ្លើយតបភ្លាមៗដែរថា ខ្លួននឹងមិនបោះបង់ចោលតំបន់ Thomas Shoal ទីពីរនោះឡើយ។
ការទាមទារជាថ្មីម្តងទៀតនេះ គឺកើតឡើងបន្ទាប់ពីហ្វីលីពីនបានចោទប្រកាន់ឆ្មាំសមុទ្ររបស់ចិនថា ចិនបានបាញ់កាណុងបាញ់ទឹកលើទូកហ្វីលីពីនដែលដឹកអាហារ ទឹក ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្សេងទៀត ដល់បុគ្គលិកយោធាហ្វីលីពីនដែលឈរជើងនៅលើនាវា។
សូមជម្រាបផងដែរថា Thomas Shoal ទីពីរមានចម្ងាយប្រហែល 200 គីឡូម៉ែត្រពីកោះ Palawan របស់ហ្វីលីពីន និងជាង 1,000 គីឡូម៉ែត្រពីកោះ Hainan របស់ចិន៕