ប្រទេសចិន នឹងផ្តល់ការគាំទ្រពេញទំហឹងដល់ការចរចាជុំទីបី ដើម្បីស្វែងរកក្របខ័ណ្ឌសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ ដែលមកពីប្រទេសប្រហែល ៤០ បានជួបប្រជុំគ្នា នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីចុងសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Guardian ។
កិច្ចប្រជុំកំពូលនេះផងដែរ ត្រូវបានធ្វើឡើងរយ:ពេលពីរថ្ងៃនៅក្នុងទីក្រុង Jeddah ខណ:នេះក៏ជាការប្រជុំលើកទីពីរហើយ បន្ទាប់ពីវេទិកាស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាក កាលពីដើមរដូវក្តៅនេះ ក្នុងគោលបំណងរៀបចំសេចក្តីព្រាងគោលការណ៍សំខាន់ៗ ស្តីពីវិធីសាស្រ្តក្នុងការបញ្ចប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ។
យ៉ាងណាមិញ ក្នុងអំឡុងកិច្ចប្រជុំនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymir Zelenskyy បាននិយាយថា គំនិតផ្តួចផ្តើមនេះ អាចនឹងនាំទៅរក កិច្ចប្រជុំកំពូលសន្តិភាព ដៃមេដឹកនាំពិភពលោក នាពេលខាងមុខ ដើម្បីគាំទ្រទៅលើគោលការណ៍ ដោយផ្នែកលើរូបមន្ត ១០ ចំណុចរបស់ខ្លួន សម្រាប់ដំណោះស្រាយរួមមួយ ។
គួរឱ្យដឹងផងដែរថា កិច្ចពិភាក្សាសំខាន់ ដែលមិនត្រូវបានរាប់បញ្ចូលដោយរុស្ស៊ីនេះ ត្រូវបានចូលរួមជាពិសេសដោយសហរដ្ឋអាមេរិក ឥណ្ឌា សហភាពអឺរ៉ុប និងបេសកជនពិសេសរបស់ចិន សម្រាប់កិច្ចការអឺរ៉ាស៊ី លោក Li Hui ផងដែរ ។
យោងតាមសារព័ត៌មាន Reuters លោក Li បាននិយាយមុនពេលកិច្ចប្រជុំនេះថា ៖ “ កន្លងមកយើងមានការខ្វែងគំនិតគ្នាជាច្រើន ហើយយើងបានឮពីជំហរផ្សេងៗគ្នា ប៉ុន្តែវាជាការសំខាន់ណាស់ ដែលគោលការណ៍រួមមួយ ត្រូវបានចែករំលែក” ។
ជម្រាបជូនផងដែរថា រូបមន្តសន្តិភាព ១០ ចំណុច ដែលត្រូវបានបង្កើតឡើងដោយ លោក Zelenskyy នោះ រួមមានការគោរពចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អ៊ុយក្រែន និងការស្ដារឡើងវិញនូវគោលការណ៍របស់អង្គការសហប្រជាជាតិ រួមទាំងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ហើយវាត្រូវបានគាំទ្រដោយប្រទេសជាច្រើន រួមទាំងចិន ផងដែរ៕