មិនទាន់បានចេញទៅរស់នៅ អាមេរិក តាមស្វាមី ផង ទេព កញ្ញា ក្លាយជាមេម៉ាយកូន ១ ទាំងវ័យក្មេង 

ក្តីសង្ឃឹមចេញទៅរស់នៅ សហរដ្ឋអាមេរិក តាមស្វាមី របស់តារាសម្តែង ទេព កញ្ញា បានរលាយអស់ហើយ បន្ទាប់ពីស្វាមីនាងទទួលមរណៈភាពកាលពីប៉ុន្មានថ្ងៃមុននៅ សហរដ្ឋអាមេរិក ដោយបន្សល់ទុកកូនស្រីម្នាក់ជាចំណងដៃ ។ 

តាមគម្រោង ទេព កញ្ញា ត្រៀមខ្លួននឹងចេញទៅរស់នៅជាមួយស្វាមីខ្លួននៅ សហរដ្ឋអាមេរិក នៅឆ្នាំក្រោយនេះបន្ទាប់ពីស្វាមីនាងបានរៀបចំឯកសារដើម្បីសុំសិទ្ធចេញទៅរស់នៅជុំគ្រួសារ ជាក់ស្តែងស្វាមីនាងបានធ្វើដំណើរចុះឡើង អាមេរិក និង ស្រុក ខ្មែរ ញឹកញាប់បំផុត ដោយសារមានការនឹករលឹកភរិយា និងកូនស្រីបណ្តូលចិត្ត ហើយអ្នកទាំងពីរទើបតែជួបមុខគ្នាកាលពីខែ ឧសភា នេះប៉ុណ្ណោះ ដើម្បីធ្វើបុណ្យ និង ដើរកម្សាន្តជុំគ្នា ។ 

ក្តីរំពឹងដែលចេញទៅរស់នៅជាមួយគ្រួសារត្រុវបានរលាយ ទេព កញ្ញា ស្ទើតែទប់ខ្លួនមិនជាប់ ក្រោយពីក្រុមគ្រួសារស្វាមីនាងដែលនៅ អាមេរិក ខលមកប្រាប់ថា ស្វាមីរបស់នាងបានទទួលមរណៈភាពទៅហើយ កាលពីថ្ងៃទី​ ២៩ ខែ កក្កដា ឆ្នាំ ២០២៣ កន្លងមកនេះ ។

ទេព កញ្ញា​ បានរៀបរាប់នៅលើ ហ្វេសប៊ុករបស់ខ្លួនថា « បងអើយបង ថ្មើរនេះរាល់ដងធ្លាប់តែខលមកប្រពន្ធកូនហើយ ហេតុអីប៉ុន្មានថ្ងៃនេះអត់ឃើញបងខលមកអូនសោះចឹងបង ?? យប់មិញក៏អត់ឃើញបងខលមកដែរ អូនគិតថាបងរវល់ហើយ បងដាច់ចិត្តណាស់ ទុក ឲ្យអូននៅតែពីរនាក់កូនបែបនេះទៅវិញ » ។ 

ដោយឡែកម្សិលមិញនេះ ទេព កញ្ញា និង កូនស្រី ព្រមទាំងគ្រួសារ ក៏បានទៅវត្ត ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់ស្វាមីខ្លួនដែលបានលាចាកលោកទៅទាំអាឡោះអាល័យ ។ ទេព កញ្ញា បាននិយាយថា «ប្តីសម្លាញ់អើយ សូមបងមកទទួលយកបុណ្យកុសលដែលអូននិងកូនបានធ្វើជូនផង បើមានជាតិក្រោយពិតសូមអោយបងមាន អាយុវែង មានសេចក្តីសុខគ្រប់យ៉ាងក្នុងជីវិត សូមឲ្យយើងទាំងពីរបានជួបគ្នាទៀតណាបង សូមអោយដួងវិញ្ញាណក្ខន្ធបងបានទៅកាន់ឋានសួគ៌ស្ងប់សុខផងចុះ បងកុំបារម្ភ អី អូននិងរឹងមាំហើយមើលថែររក្សារកូនយើងអោយបានល្អបំផុតណាបងណា » ។

ទេព កញ្ញា ទើបតែភ្ជាប់ពាក្យបានជាងមួយឆ្នាំប៉ុណ្ណោះ នាងក៏ទទួលបានចំណងដៃកូនស្រីម្នាក់ ពេលនេះនាងបានក្លាយទៅជាមេម៉ាយកូនមួយទាំងនៅវ័យក្មេង នាងនៅពុំទាន់ដឹងថា នឹងត្រូវបន្តរឿងចេញទៅរស់នៅ សហរដ្ឋអាមេរិក ឬ ក៏នៅស្រុក ខ្មែរ ឬយ៉ាងណាទេ ពីព្រោះអារម្មណ៍របស់នាងពេលនេះកំពុងវិលវល់ ទទួលយកនូវការឈឺចាប់ដែលបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ពុំទាន់បាន ៕