តារាសម្តែង និង ចម្រៀង ទូច ស្រីលក្ខណ៍ បានបាត់មុខពីសិល្បៈជិត ៥ ឆ្នាំហើយ បន្ទាប់ពីបានលែងលះជាមួយស្វាមី ក្នុងចន្លោះពេល នោះនាងជួបបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ រហូតមិនហ៊ានជួបមុខមិត្តភក្តិ ឬអ្នកជុំវិញខ្លួនឡើយ ។ ដោយឡែកថ្មីៗនេះ ទូច ស្រីលក្ខណ៍ បានលេច មុខជាថ្មីម្តងទៀតក្នុងកម្មវិធីជួបជុំមិត្តសិល្បករ ហើយនាងថែមទាំងបានប្រកាសវិលត្រឡប់មកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈឡើង វិញ ។
ទូច ស្រីលក្ខណ៍ បានប្រាប់ទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា ពេលនេះនាងវិលត្រឡប់មកវិស័យសិល្បៈឡើងវិញហើយ ទាំងសម្តែង និងច្រៀង ហើយនាងត្រៀមចេញបទចម្រៀងថ្មីៗជាច្រើនដែលទាក់ទងទៅនិងស្រ្តីដែលមានបញ្ហាគ្រួសារ ពីព្រោះនាងចង់លើកទឹកចិត្តស្រ្តីដែលមានបញ្ហាគ្រួសារ ឱ្យមានភាពរឹងមាំឡើង បើទោះបីជាបែកបាក់គ្រួសារ ប៉ុន្តែពួកគេមានកូន និងសាច់ញាតិនៅក្បែរ ។
ទូច ស្រីលក្ខណ៍ បានទទួលស្គាល់ផងដែរថា រយៈពេលជិត ៥ ឆ្នាំដែលនាងមានបញ្ហាជាមួយស្វាមី គឺជីវិតរបស់នាងជួបនូវវិប្បត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ នាងមិនហ៊ានជួបមុខអ្នកជុំវិញខ្លួនឡើយ សូម្បីតែកម្មវិធីជួបជុំមិត្តភក្តិក៏នាងមិនដែលបានចូលរួមដែរ ដោយសារមានអារម្មណ៍ខ្មាស់អៀន ប៉ុន្តែពេលនេះ ក្រោយពីរកឃើញអ្វីដែលជាខ្លួនឯង នាងបានផ្លាស់ប្តូរខ្លួនឯងទៅជាមនុស្សថ្មីម្នាក់ទៀត ដែលមិនរស់នៅក្នុងអតីតកាល ។
ក្រៅប្រកាសវិលចូលសិល្បៈវិញ ទូច ស្រីលក្ខណ៍ ក៏មមាញឹកនៅក្នុងការការងារធ្វើជាគ្រូហាត់ប្រាណជាមួយដៃគូថ្មីរបស់ខ្លួនផងដែរ ។ ទូច ស្រីលក្ខណ៍ បានបញ្ជាក់បន្ថែម ថា ដោយសារតែការហាត់ប្រាណហ្នឹងហើយ ទើបធ្វើឱ្យនាងមានជីវិតថ្មី និងរកឃើញនូវច្រក ចេញយ៉ាងល្អ ដូច្នេះហើយទើបនាងខំប្រឹង ផ្សព្វផ្សាយឱ្យបងប្អូន ស្រឡាញ់កីឡា និង ថែទាំសុខភាពតាមរយៈការហាត់ប្រាណ ៕