ពេជ្រ វត្តីសារ៉ាវឌី ស្រស់ស្អាតប៉ុហ្នឹងហើយនៅតែចង់កែសម្ផស្សបន្ថែមទៀត 

ស្របពេលដែលកំពុងកើបលុយខ្លាំងក្នុងវិស័យសិល្បៈ ពេជ្រ វត្តីសារ៉ាវឌី នៅតែមានបំណងចង់កែសម្ផស្សបន្ថែមទៀត ដើម្បីឱ្យនាងកាន់តែស្រស់ស្អាតឡើង ដូចដឹងស្រាប់ហើយថា សម័យនេះ មិនថាតារា ខ្មែរ ឬ តារាបរទេសឡើយ សុទ្ធតែពេញនិយមរឿងកែសម្ផស្ស ។ 

ទំរាំតែ ពេជ្រ វត្តីសារ៉ាវឌី ឈានមកដល់សព្វថ្ងៃនេះ គឺនាងបានឆ្លងកាត់នូវការលំបាករាប់មិនអស់ ទាំងការតស៊ូក្នុងការសាងកេរ្តី៍ឈ្មោះ និង ការប្រកួតប្រជែងលើផ្នែកសម្រស់ ជាក់ស្តែងមុននឹងស្រស់ស្អាតដូចសព្វថ្ងៃនេះ ពេជ្រ វត្តីសារ៉ាវឌី ក៏ធ្លាប់ឆ្លងកាត់មុខកាំបិតខ្លះៗដែរ ។ កញ្ញា ពេជ្រ វត្តីសារ៉ាវឌី​ មិនដែលលាក់បាំងពីកែកុននូវចំណុចខ្វះខាតរបស់ខ្លួននោះទេ ។ 

កញ្ញា ពេជ្រ វត្តីសារ៉ាវឌី បានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនថា នាងនៅតែចិញ្ចឹមចិត្តចង់កែសម្ផស្សបន្ថែមទៀត ប្រសិនបើទៅថ្ងៃមុខ មើលឃើញថាខ្លួនមានការខ្វះខាតត្រង់ចំណុចណាមួយ នាងនិងធ្វើការវះកាត់កែសម្ផស្សបន្ថែម ដើម្បីឱ្យរូបសម្រស់ខ្លួនកាន់តែស្រស់ស្អាត ព្រោះមនុស្សម្នាក់ៗមានមហិច្ឆិតារៀងៗខ្លួន ជាពិសេសរឿងសម្រស់នេះតែម្តង គឺមិនអាចបណ្តោយខ្លួនតាមវ័យឡើយ ត្រូវតែមានការថែទាំត្រឹមត្រូវ សមតាមបច្ចេកទេសសម័យថ្មី ។ 

កញ្ញា ពេជ្រ វត្តីសារ៉ាវឌី នៅពុំទាន់មានគម្រោងថានឹងវះកាត់កែកុនត្រង់ចំណុចណាមួយនៅឡើយទេ ដោយសារនាងមានសម្រស់ស្រស់ស្អាតគ្រប់គ្រាន់ហើយក្នុងពេលនេះ ។

តាំងពី កញ្ញា ពេជ្រ វត្តីសារ៉ាវឌី ប្រកាសចង់រៀបការនៅចន្លោះវ័យ ២៨ ឆ្នាំ ទៅ ៣០ ឆ្នាំ បានធ្វើឱ្យ ពេជ្រ វត្តីសារ៉ាវឌី កាន់តែទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់បុរសអ្នកមានទ្រព្យ និងមានមុខមាត់មួយចំនួន រហូតមានអ្នកខ្លះចង់ចូលស្តីដណ្តឹងនាងតាមផ្លូវច្បាស់ ប៉ុន្តែអ្វីដែលគួរឱ្យស្តាយនោះគឺ ពេជ្រ វត្តីសារ៉ាវឌី នៅពុំទាន់ជ្រើសរើសបុរសណាម្នាក់មកធ្វើជាម្ចាស់បេះដូងនៅឡើយទេ ដោយសារនាងសុំពេលកើបលុយក្នុងវិស័យសិល្បៈឱ្យបានច្រើនសិន ៕