ពិធីការិនី យ៉ែមស្រីពេជ្រ បានហោះទៅប្រទេស កាណាដា ស្របពេលដែលមានលេចលឺព័ត៌មានថា គូស្នេហ៍នាងនៅទីនោះបានអញ្ជើញ និងធានានាងឱ្យចេញទៅប្រទេសនេះ ដើម្បីដើរកម្សាន្ត និងរឹតបណ្តឹងចំណងស្នេហ៍អ្នកទាំងពីរ ។
ពិធីការិនី យ៉ែម ស្រីពេជ្រ បានទៅប្រទេស កាណាដា ជាច្រើនសប្តាហ៍ហើយ បើតាមគម្រោងនាងនឹងហោះត្រឡប់មកប្រទេស កម្ពុជា វិញ នៅបំណាច់ខែ កក្កដា នេះហើយ ។ ក្នុងចន្លោះពេលដែល យ៉ែមស្រីពេជ្រ ស្នាក់នៅប្រទេស កាណាដា គឺនាងបានបង្ហាញពីសុខទុក្ខ និង សកម្មភាពរបស់ខ្លួនជាច្រើនឱ្យ អ្នកគាំទ្របានឃើញតាមរយៈ ហ្វេសប៊ុក ផ្លូវការរបស់នាង ។
អ្នកគាំទ្រជាច្រើនឆ្ងល់ថា តើតារាស្រីរូបនេះចេញទៅប្រទេស កាណាដា ធ្វើអ្វី ? នណាជាអ្នកធានានាងចេញទៅទីនោះ ? មានអ្នកខ្លះនិយាយថា យ៉ែម ស្រីពេជ្រ ចេញទៅប្រទេស កាណាដា តាមការស្នើសុំ របស់គូស្នេហ៍នាង ដោយគេចង់ឱ្យចំណងស្នេហ៍អ្នកទាំងពីរកាន់តែរឹងមាំ និងមានការស្និទ្ធស្នាល មុននឹងឈានទៅដល់ការរៀបការ ដូចដឹងស្រាប់ហើយថា យ៉ែម ស្រីពេជ្រ ជាមនុស្សដែលស្រឡាញ់ការងារខ្លាំង នាងកម្រនឹងផ្អាកការងាររបស់ខ្លួនទៅដើរលេងឬទៅធ្វើអ្វីដែលគ្មានប្រយោជន៍ឡើយ ។
ចំពោះរឿងនេះផងដែរ យ៉ែម ស្រីពេជ្រ បានឱ្យដឹងថា នាងពិតជាបានចេញទៅប្រទេស កាណាដា មែន ប៉ុន្តែនាងចេញទៅដើរលេង និង នៅជាមួយប្រុសរបស់ខ្លួននៅទីនោះ ដោយមិនមានគូស្នេហ៍ ឬ បុរសពិសេសណាម្នាក់ធានានាងចេញទៅដើរលេងឡើយ ទៅ លើកនេះគឺលក្ខណៈចាយលុយខ្លួនឯងពិតៗ ដើម្បីទទួលបានបទពិសោធថ្មីក្នុងជីវិត …។
បើទោះបីជា យ៉ែម ស្រីពេជ្រ បដិសេដមិនមានបុរសណាម្នាក់ធានានាងចេញទៅប្រទេស កាណាដា ក្តី ប៉ុន្តែនាងក៏សង្ឃឹមថា នាងអាចនឹងជួបគូស្នេហ៍នៅទីនោះក៏ថាបាន ។ សម្រាប់មិត្តភក្តិក្នុងនិងក្រៅសិល្បៈក៏ដូចជាអ្នកគាំទ្រជាច្រើន សុទ្ធតែបានផ្ញើសារជូនពរ យ៉ែម ស្រីពេជ្រ ជួបគូស្នេហ៍ឆ្លងប្រទេសតាមក្តី ស្រមៃ ។ កន្លងមក យ៉ែម ស្រីពេជ្រ មានបំណងរៀបការនៅក្នុងចន្លោះពេលដែលនាងមានវ័យ ២៧ ឆ្នាំ ប៉ុន្តែនាងមានការខកចិត្តជាខ្លាំងក្រោយពីចំណងស្នេហ៍ខ្លួនឈានដល់ការបែកបាក់ និងមិនអាចដឹកដៃគ្នាចូលរោងការបាន ។
យ៉ែម ស្រីពេជ្រ គឺជាពិធីការិនីល្បីឈ្មោះមួយរូបនាពេលបច្ចុប្បន្ននេះ ដើម្បីពង្រឹងអាជីពនេះឱ្យខ្លាំងក្លា នាងសុខចិត្តផ្អាកមិនទទួលថតរឿងច្រើនដូចមុនឡើយ ដើម្បីមានពេលវេលាច្រើនជាមួយការងារពិធីករ ពីព្រោះការងារសម្តែង គឺមិនសូវរកលុយបានច្រើន ហើយហត់ជាងការងារពិធីករ ៕