ថ្មីៗនេះតារាចម្រៀង ពេជ្រ សោភា បានបង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានទេ ពេលទៅជួបគ្រូពេទ្យតាមការណាត់រហូតបានពោលពាក្យថា « ខ្ញុំចង់ដឹងណាស់បើបាត់ខ្ញុំពីពិភពលោកនេះទៅ មានអ្នកនឹកខ្ញុំទេ ? ឈឺរហូតមានអារម្មណ៍ថាហត់នឹងលេបថ្នាំ គ្មានថ្នាំព្យាបាលផ្លូវចិត្តទេមើលទៅ » ។ តាមរយៈពាក្យសម្តីនេះធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភចំពោះនាង រហូតម្នាក់ៗឆ្ងល់ថា តើតារស្រីរូបនេះមានបញ្ហាអ្វីទើបនិយាយបែបនេះ ?
តាមពិតតារាចម្រៀង ពេជ្រ សោភា មានជំងឺឈាមស ស៊ីឈាមក្រហមយូរឆ្នាំមកហើយ កន្លងមកនាងធ្លាប់ចេញទៅព្យាបាលជំងឺនៅប្រទេស ថៃ តែក្រោយៗនេះនាងសម្រេចចិត្តព្យាបាលនៅក្នុងមន្ទីរពេទ្យ នៅទីក្រុងភ្នំពេញវិញ ។ ដោយឡែកថ្មីៗនេះនាងឧស្សាហ៍ទៅជួបជាមួយពេទ្យពេក ទើបធ្វើឱ្យនាងមានអារម្មណ៍ធុញថប់ រហូតពោលពាក្យប្លែកៗឱ្យអ្នកគាំទ្របានឃើញ ។
ជំងឺចាស់របស់ ពេជ្រ សោភា គឺតម្រូវឱ្យនាងលេបថ្នាំជារៀងរាល់ថ្ងៃ ប៉ុន្តែដោយសារតែចុងក្រោយនេះនាងប្រឹងធ្វើការងារខ្លាំងពេក រហូតធ្វើឱ្យសុខភាពនាងចុះខ្សោយ នាងត្រូវទៅជួបគ្រូពេទ្យជំនាញដើម្បីពិភាក្សាជំងឺ ។
ពេជ្រ សោភា បានទទួលស្គាល់ថា មួយរយៈពេលចុងក្រោយនេះសុខភាពនាងមិនសូវល្អប៉ុន្មានទេ ចេះតែទុក្ខនាងរាល់ថ្ងៃ នាងពិតជាធុញទ្រាន់និងជំងឺនេះខ្លាំងណាស់ ជាពិសេសគឺត្រូវលេបថ្នាំជារៀងរាល់ ថ្ងៃ ។ ប៉ុន្តែក្រោយពីជួបនិងតាមដានសុខភាពជាមួយគ្រូពេទ្យជំនាញ គឺសុខភាពនាងមិនអីទេ គ្រាន់តែគ្រូពេទ្យបានឱ្យនាងប្រុងប្រយ័ត្ន និងថែទាំងសុខភាពឱ្យបានត្រឹមត្រូវ និងសម្រាកឱ្យបានច្រើន ៕