មានឈ្មោះជាថៅកែស្រីវ័យក្មេងលុយចាយមិនខ្វះ អ៊ីងអ៊ីង សុខចិត្តវិលមកថតក្រោមពន្លឺថ្ងៃវិញព្រោះតែបានតំណែងធំ ! 

តារាសម្តែងវ័យក្មេង អ៊ីងអ៊ីង បានវិលត្រឡប់មកកាន់វិស័យសម្តែងវិញហើយក្រោយបាត់មុខពីសិល្បៈអស់ពេលជិត ៣ ឆ្នាំ ហើយការវិលត្រឡប់របស់នាងលើកនេះនាងទទួលបានតំណែងធំ និងតម្លៃខ្លួនខ្ពស់ជាងមុនទៅទៀត ។ 

រយៈពេលជិត ៣ ឆ្នាំហើយ ដែលតារាស្រីសិចស៊ី អ៊ីងអ៊ីង បានបាត់មុខពីសិល្បៈ ដោយនាងសំងំកើបលុយក្នុងការងាររកស៊ីទាំងក្នុងនិងក្រៅប្រទេស ជាក់ស្តែងមួយឆ្នាំចុងក្រោយនេះនាងមិនសូវនៅស្រុក ខ្មែរ ប៉ុន្មានទេ ព្រោះនាងជាប់មើលការងារខុសត្រូវមុខរបររកស៊ីនៅប្រទេស បារាំង ចិន និង ហុងកុងជាដើម…។ 

ជីវិតតារាសម្តែង អ៊ីងអ៊ីង រស់នៅយ៉ាងសុខស្រួលទៅហើយ ដោយមិនចាំបាច់ពឹងពាក់លើអាជីពសិល្បៈ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺថ្មីៗនេះកញ្ញា អ៊ីងអ៊ីង បែរជាប្រកាសថា នាងវិលត្រឡប់មកាន់វិថីសិល្បៈឡើងវិញហើយ បន្ទាប់ពីអាក់ខានជិត ៣ ឆ្នាំ ។ 

ជួបជាមួយកញ្ញា អ៊ីងអ៊ីង ដោយផ្ទាល់នៅក្នុងកម្មវិធីសម្ពោធរឿងថ្មីមួយកាលពីថ្មីៗនេះ អ៊ីងអ៊ីង បានបញ្ជាកប់ប្រាប់ថា នាងពិតជាមានគម្រោងនឹងត្រឡប់មកកាន់វិស័យសម្តែងឡើងវិញយ៉ាងពិតប្រាកដមែន ដោយនាងត្រៀមទទួលសម្តែងភាពយន្តខ្នាតធំមួយក្នុងតំណែងជាតួឯកស្រីឱ្យស្ថានីយ៍ទូរទស្សន៍ មួយ នាងសង្ឃឹមថា កេរ្តិ៍ឈ្មោះរបស់ខ្លួននឹងល្បីល្បាញ និងមានអ្នកគាំទ្រស្រឡាញ់នាងដូចដើម ។ 

ទន្ទឹមនិងការវិលត្រឡប់មកកាន់វិស័យចាស់ឡើងវិញ បានធ្វើឱ្យមិត្តភក្តិក៏ដូចជាទស្សនិកជនជាច្រើនឆ្ងល់ថា ហេតុអ្វី អ៊ីងអ៊ីង វិលមកសន្សំប្រាក់កាក់ល្អិតនេះឡើងវិញ ? ពីព្រោះនាងមានទ្រព្យសម្បត្តិ និងមានលុយកាក់ចាយវាយមិនខ្វះ ព្រមទាំងមានមុខបររកស៊ីធំៗជាច្រើនកន្លែងទៀត ។ កន្លងមកទោះជាមានគេឱ្យតម្លៃខ្លួន អ៊ីងអ៊ីង ខ្ពស់យ៉ាងណាក៏នាងមិនទទួលថតដែរ ? 

កញ្ញា អ៊ីងអ៊ីង បានឆ្លើយតបថា នាងនៅតែស្រឡាញ់សិល្បៈ កន្លងមកនាងរវល់និងការងាររកស៊ី ទើបផ្អាកការងារសម្តែង ប៉ុន្តែពេល នេះល្មមដល់ពេលដែលនាងត្រឡប់មកសាងស្នាដៃឡើងវិញហើយ នាងមិនខ្វល់ថា ការថតភាពយន្តបានតម្លៃខ្លួនខ្ពស់ ឬ ទាបនោះទេ អ្វីដែលសំខាន់គឺនាងស្រឡាញ់ ហើយចង់ថត ។ 

បច្ចុប្បន្នកញ្ញា អ៊ីងអ៊ីង គឺជាថៅកែហាងកែសម្ផស្សល្បីឈ្មោះមួយកន្លែង ហើយនាងមានមុខជំនួញផ្សេងៗទៀតទាំងនៅក្នុង និង ក្រៅ ប្រទេស ក្នុងមួយខែៗនាងទទួលបានប្រាក់ចំណូលរាប់ម៉ឺនដុល្លារ ។ 

ថ្វីដ្បិតតែជីវិតតារាវ័យ ២៦ ឆ្នាំរូបនេះរស់នៅក្នុងជីវភាពធូធារជាងមុនក្តីតែនាងនៅតែអះអាងថា ការងាររកស៊ីនេះគឺជាកម្លាំងញើសឈាមរបស់នាង ហើយនាងក៏មិនទាន់រៀបការមានគ្រួសារដែរ ៕