តារាចម្រៀង វង្ស ថាណាន់ បានវិលត្រឡប់ទៅកាន់ឆាកតន្រ្តីឡើងវិញហើយ ក្រោយពីសំងំព្យាបាលរបួសអស់ពេលជិត ២ ខែ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបំពេញការងាររបស់ខ្លួន ទោះបីជាពេលនេះជើងរបស់លោកនៅពុំទាន់ជាមួយរយភាគរយ តែលោកមិនខ្វល់ឡើយ ព្រោះលោកត្រូវធ្វើការងាររកប្រាក់ចិញ្ចឹមជីវិត ។
លោកក វង្ស ថាណាន់ បានបញ្ជាក់ប្រាប់ថា ពេលនេះសុខភាពលោកបានល្អប្រសើរច្រើន ប៉ុន្តែរបួសជើងនៅពុំទាន់ជាមួយរយភាគ រយទេ ត្រូវការពេលព្យាបាលមួយឆ្នាំទៅពីរទៀត ដោយសារជើងលោករបួសបាក់ភ្លៅ ត្រូវវះកាត់ដាក់ដែក ។
ជាមួយនិងការវិលត្រឡប់មកកាន់ឆាកតន្រ្តីឡើងវិញនេះលោក វង្ស ថាណាន់ មិនហ៊ានធ្វើការងារធ្ងន់ៗនោះទេ សូម្បីតែពេលដើរទៅណាមកណាក៏ពិបាកធ្វើដំណើរដែរ លោកត្រូវដើរដំណើរ វៀចៗ និងយឺតៗ ពីព្រោះរបួសនៅឈឺ ។ លោក វង្ស ថាណាន់ បានប្រាប់ទៀតថា លោកមិនចង់សម្រាក់នៅផ្ទះយូរទេ ពីព្រោះមានអារម្មណ៍ថា អផ្សុកផង និងខាតបង់ប្រាក់ចំណូលផង ទើបលោកសម្រេចចិត្តទទួលការងារខនសឺតតាមខេត្តក្រុងនានាឡើងវិញ ប៉ុន្តែលោកក៏មិនហ៊ានច្រៀងរាំបទញាក់កន្រ្តាក់អារម្មណ៍ដូចមុនដែរ ខ្លាចប៉ះពាល់ដល់របួសជើង លោកសង្ឃឹមថា ពុកម៉ែបងប្អូន នៅតែស្រឡាញ់គាំទ្រលោកដូចកាលពីមុន ។
លោក វង្ស ថាណាន់ ក៏ជាតារាចម្រៀងលេចធ្លោមួយរូបប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra ជាក់ស្តែងរាល់ពេលបទចម្រៀងរបស់លោកចេញម្តងៗគឺទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ហើយថ្មីៗនេះផងដែរលោកទើបតែចេញបទចម្រៀងថ្មីមួយដែលមានចំណងជើងថា « សំខាន់ដោយពេល » ដើម្បីបំពេរអារម្មណ៍ទស្សនិកជន ។ មិនតែប៉ុណ្ណោះ លោក វង្ស ថាណាន់ ក៏ទើប នឹងថតបញ្ចប់បទចម្រៀងថ្មីមួយទៀតរបស់ខ្លួនដែលមានចំណងជើងថា « ត្រីក្នុងដប » ដោយលោកសង្ឃឹមថា បទចម្រៀងនេះនឹងផ្ទុះនៅពេលចេញជាសាធារណៈ ៕