មិន ចេនី និង នីគី នីគី ពិតជាឈ្លោះមែន ទើបមិនទាន់ឃើញអ្នកទាំងពីរចាប់ដៃគ្នាថតឡើងវិញ ! 

មកទល់ពេលនេះពិធីការិនី មិន ចេនី បានរៀបការជិតមួយខែហើយ ហើយទំនាក់ទំនងនាងនិងតារាចម្រៀង នីគី នីគី ហាក់កាន់តែឃ្លាតឆ្ងាយពីគ្នា រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើននិយាយថា អ្នកទាំងពីរពិតជាឈ្លោះគ្នាយ៉ាងពិតប្រាកដមែន ដូច្នេះហើយបានជាម្នាក់ៗចេះចេញធ្វើការងារ និង ធ្វើវិដេអូរៀងៗខ្លួន ។ 

រឿងរ៉ាវបែកបាក់ក្រុមរវាងពិធីការិនី មិន ចេនី និងតារាចម្រៀង នីគី នីគី គឺបានកើតឡើងមុនអំឡុងពេលដែល មិន ចេនី រៀបការកាលពីពាក់កណ្តាលខែ មិថុនា កន្លងមកនេះ ជាក់ស្តែងក្នុងថ្ងៃមង្គលការរបស់ មិន ចេនី គេឃើញ នីគី នីគី ហាក់បីដូចជាខុសប្លែកប្រក្រតី សូម្បីតែពេលព្រឹកក៏នាងមិនបានទៅចូលរួមដែរ ហើយនៅពេលល្ងាចជួបជុំមិត្តសិល្បករក៏នាងមិននៅយូរដែរ ហាក់ដូចជាមានអ្វីនៅ ក្នុងចិត្ត ខុសប្លែកពីមិត្តរួមក្រុមផ្សេងទៀតដែលធ្លាប់ថត និង សម្តែងជាមួយគ្នា ។ 

អាចនិយាយបានថារវាង មិន ចេនី និង នីគី នីគី មិនត្រឹមតែជាមិត្ត និងជាបងប្អូនដ៏ស្និទ្ធស្នាល ដែលស្រឡាញ់គ្នាខ្លាំងប៉ុណ្ណោះទេ អ្នកទាំងពីរតែងតែទៅណាមកណាជាមួយគ្នាមិនដែលខាន និងជួយយកអាសារគ្នាគ្រប់ពេលវេលា មិនថាពេលមានរឿងមិនល្អកើតឡើងគឺអ្នកទាំងពីរជួយដោះស្រាយគ្នាទៅវិញទៅមក តែមិនដឹងថា មានបញ្ហាអ្វីទើបធ្វើឱ្យទំនាក់ទំនងអ្នកទាំងពីរត្រូវឃ្លាតឆ្ងាយពីគ្នាបែបនេះ ? 

ក្នុងអំឡូងពេលរៀបការរបស់ មិន ចេនី គឺតារាចម្រៀង  នីគី នីគី ធ្លាប់បានបញ្ជាក់ប្រាប់អ្នកគាំទ្ររបស់ខ្លួនថា នាងរវល់ ហើយនាងក៏មិនបានទាស់ ឬ ឈ្លោះគ្នាជាមួយ ចេនី ដែរ ។ 

តែអ្វីដែលប្លែកនោះគឺពេលនេះ សម្រាប់ មិន ចេនី បានចេញធ្វើការងាររបស់ខ្លូនដូចដើមវិញហើយក្រោយពេលរៀបការ ជាពិសេសនាងទទួលផលិតវិដេអូរឿងខ្លីៗឱ្យក្រុមហ៊ុនជាច្រើន ប៉ុន្តែនាងមិនបានចូលទៅធ្វើការងារនោះជាមួយ នីគី នីគី ដូចដើមនោះទេ សូម្បី តែ នីគី នីគី ក៏បានងាកមកចាប់ដៃគូថ្មីជាមួយតារាថ្មីមួយទៀតដែលនាងហៅថា ប្អូនស្រី ដោយនាងបានបង្ហាញនូវទំហំនិងក្តីស្រឡាញ់ខ្លាំងលើតារាស្រីរូបនេះ មិនចាញ់ មិន ចេនី កាលពីមុនឡើយ ។

ទស្សនិកជនជាច្រើននៅតែចង់ឃើញតារាទាំងពីរដួងនេះវិលត្រឡប់មកចាប់ដៃគូសម្តែងនិងគ្នាឡើងវិញ ពីព្រោះថា រាល់វិដេអូដែលអ្នកទាំងពីរធ្វើរួមគ្នា ពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ៕