ទន្ទឹមនិងការវិលត្រឡប់ចូលសិល្បៈវិញ ស្រាប់តែតារាសម្តែង កុល ដាវី បានបង្ហាញនូវក្តីអស់សង្ឃឹមថា នាងមិនអាចយកកូនទី ២ បានទេ ដោយសារតែបញ្ហា សុខភាព ប្រសិនបើនាងនៅតែរឹងទទឹងចង់បង្កើតកូនទី ២ ជីវិតនាងអាចជួបនិងបញ្ហា ។
ពេលនេះកូនស្រីតារាសម្តែង កុល ដាវី មានវ័យជិត ២ ឆ្នាំហើយ ហើយនាងនិងស្វាមីក៏ចង់យកកូនទី ២ បន្តទៀតដែរ ដើម្បីបង្កើនសមាជិកនៅក្នុងគ្រួសារ ដូចដឹងស្រាប់ហើយថា កុល ដាវី និង លោក សុខ រក្សា ដែលជាស្វាមី មានបំណងចង់បានកូនច្រើននាក់ទៀត ។
ក្នុងអំឡុងពេលពពោះកូនទី ១ កុល ដាវី ជួបនូវបញ្ហាជាច្រើន ដោយសារតែនាងមានសុខភាពមិនសូវល្អ ជាក់ស្តែងទំរាំបានកូនស្រីម្នាក់នេះ នាងត្រូវឆ្លងកាត់ការលំបាកជាច្រើន ស្ទើរតែធ្វើឱ្យប៉ះពាល់ដល់ អាយុជីវិតរបស់ខ្លួនផងដែរ ជាពិសេសនាងធ្លាប់បាត់បង់កូនក្នុងផ្ទៃម្តងរួចមកហើយ មុននឹងកើតបានកូនស្រីម្នាក់នេះ ។
បន្ទាប់ពីសម្រាលកូនរួច កុល ដាវី ក៏ជួបនូវបញ្ហាសុខភាពទៀត ដោយនាងទាស់សរសៃយ៉ាងធ្ងន់ធ្ងរ ស្ទើរតែដើរមិនរួច រហូតស្វាមីនាងបានសម្រេចចិត្តនៅផ្ទះមើលថែទាំកូន និងនាងដោយផ្ទាល់ ។
កុល ដាវី បានហែលឆ្លងនូវទុក្ខលំបាកជាច្រើនទំរាំតែមានសុខភាពរឹងមាំដូចសព្វថ្ងៃនេះ រហូតនាងមានបំណងនឹងយកកូនទី ២ ជាបន្តទៀត ដើម្បីបំពេញបំណងគ្រួសារ ប៉ុន្តែនៅពេលជួបជាមួយ កុល ដាវី ផ្ទាល់កាលពីពេលថ្មីៗនេះ ស្រាប់តែនាងបានង្ហើបប្រាប់ថា រឿងយកកូនទី ២ របស់ខ្លួនត្រូវបរាជ័យហើយ ប្រសិនបើនាងរឹងទទឹងនៅតែបន្តចង់យកកូនទី ២ ទៀត អាចនឹងធ្វើឱ្យប៉ះពាល់អាយុជីវិតខ្លួន ពីព្រោះសុខភាពនាងមិនល្អទេ ។
ថ្វីដ្បិតតែអស់សង្ឃឹមនៅក្នុងការយកកូនទី ២ តែ កុល ដាវី បានបង្ហាញនូវអារម្មណ៍រីករាយថា នាងមានកូនស្រីម្នាក់ហើយ គាត់គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់នាងនិងស្វាមី ដូច្នេះហើយទើបនាងខំប្រឹងធ្វើ់ការងារទាំងយប់ទាំងថ្ងៃ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ ៕