តាំងពីត្រូវគ្នាជាមួយស្វាមីវិញជីវិត នៅ សូនីតា ចាប់ផ្តើមរីករាយ ព្រមទាំងទទួលការងារសិល្បៈឡើងវិញ !

មួយរយៈពេលមុនចំណងអាពាហ៍ពិពាហ៍របស់តារាសម្តែង បង្ហាញម៉ូដ និងជាពិធីករ នៅ សូនីតា ស្ទើរតែរក្សាមិនរួចទៅហើយ ដោយ សារតែបញ្ហាមួយចំនួន ប៉ុន្តែចុងក្រោយនេះ នៅ សូនីតា ចាប់ផ្តើមស្រស់ស្រាយសប្បាយចិត្តឡើងវិញ ក្រោយពីបានផ្សះផ្សាចំណងអាពាហ៍ពិពាហ៍ខ្លួន ជាពិសេសនាងត្រៀមទទួលការងារក្នុងសិល្បៈជាច្រើន បន្ទាប់ពីផ្អាកអស់ពេលយ៉ាងយូរ ។ 

នៅ សូនីតា ធ្លាប់ជាតារាសម្តែង បង្ហាញម៉ូដ និងជាពិធីការិនីល្បីឈ្មោះមួយរូបនៅក្នុងពិភពសិល្បៈ ​ប៉ុន្តែចាប់តាំងពីនាងសម្រេចចិត្តមាន គ្រួសារ និង មានកូនរួច នាងបានផ្អាកពីការងារសិល្បៈទាំងស្រុង ដោយនាងបានងាកទៅធ្វើការងារជាមួយស្វាមី ព្រមទាំងបើកលក់សម្លៀកបំពាក់តាមអនឡាញ ។ 

ថ្វីដ្បិតតែបោះបង់អាជីពសិល្បៈអស់ពេលជាច្រើនឆ្នាំ នៅ សូនីតា នៅតែមានចិត្តនឹករលឹកអាជីពចាស់ដែលខ្លួនធ្លាប់ធ្វើ ជាពិសេសក្នុង អំឡុងពេលដែលមានព័ត៌មានថា នៅ សូនីតា មានបញ្ហាជាមួយលោក ទិត្យ ថាវរិទ្ធ ដែលជាស្វាមី រហូតធ្វើឱ្យនាងចេញទៅរស់នៅផ្ទះចាស់របស់ខ្លួនវិញនោះ គឺនាងចង់ត្រឡប់មករកការងារចាស់ឡើងវិញ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត ។ 

ជួបជាមួយ នៅ សូនីតា កាលពីពេលថ្មីៗនេះ នៅ សូនីតា សុំមិនបកស្រាយអ្វីច្រើនពីរឿងរ៉ាវគ្រួសាររបស់ខ្លួន នាងបានត្រឹមតែនិយាយថា ជីវិតគ្រួសារនាងពេលនេះគឺសុខសប្បាយ មិនមានបញ្ហាអ្វីនោះទេ ។ 

នៅ​ សូនីតា បានត្រូវរ៉ូវគ្នាជាមួយស្វាមីវិញក្នុងអំឡុងពេលបើកព្រឹត្តិការណ៍ ស៊ីហ្គេម និង ប៉ារ៉ាហ្គេម ដោយនាងបានជួយស្វាមីគ្រប់ជំហាន មិនថាពេលយប់ព្រលប់គឺនាងបានបំពេញការងារជាច្រើន ។ 

នៅ សូនីតា នៅតែមានបំណងចង់វិលត្រឡប់មកសាងកេរ្តិ៍ឈ្មោះក្នុងសិល្បៈវិញ ពីព្រោះអាជីពនេះបានធ្វើឱ្យនាងមានឈ្មោះល្បីល្បាញ និងមានមុខមាត់មកដល់សព្វថ្ងៃនេះ នាងថែមទាំងបាននិយាយថា បើមានឱកាសល្អ នាងនៅតែទទួលការងារសម្តែង ពិធីករ និងការងារថតផ្សាយពាណិជ្ជកម្មនានា ពីព្រោះនាងមិនចង់នៅទំនេរឥតប្រយោជន៍ ៕