គួរឱ្យសរសើរតារាចម្រៀង គង់ ច័ន្ទរដ្ឋា មែន ពពោះជិតគ្រប់ខែហើយនៅតែប្រឹងឡើងឆាកច្រៀងរាំ រកលុយមិនទុកពេលវេលាចោលឥតប្រយោជន៍ឡើយ ។
ថ្មីៗនេះ គង់ ច័ន្ទរដ្ឋា បានប្រកាសថា នាងកំពុងមានផ្ទៃពោះជិតគ្រប់ខែហើយជាមួយគូដណ្តឹងរបស់ខ្លួនដែលបានភ្ជាប់ពាក្យ និងគ្នាយូរឆ្នាំមកហើយនោះ បន្ទាប់ពីអ្នកទាំងពីរបានសាងអនុស្សាវរីយ៍ជាមួយគ្នា អស់ពេលជាង ៨ ឆ្នាំ ទាំងមិនទាន់មានដំណឹងរៀបការ ។ បើទោះបីជាបង្ហាញថាខ្លួនកំពុងមានផ្ទៃពោះក៏ពិតមែន តែ គង់ ច័ន្ទរដ្ឋា នៅពុំទាន់បង្ហើបប្រាប់ពីកូនក្នុងផ្ទៃជាកូនស្រី ឬកូនប្រុសនោះទេ ដោយសារនាងទុកឱ្យមានការភា្ញក់ផ្អើល ។
ចាប់តាំងពី គង់ ច័ន្ទរដ្ឋា មានផ្ទៃពោះមក នាងកាន់ទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីលោក ស៊ិន សុភាដែលជាស្វាមី ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺ ពោះរបស់ គង់ ច័ន្ទរដ្ឋា ខ្ទាតធំជិតគ្រប់ខែហើយ នាងនៅតែបន្តឡើងឆាកច្រៀង រកលុយ មិនទុកពេលវេលាទំនេរចោលឡើយ ជាក់ស្តែងថ្មីៗនេះនាងលេចមុខខ្លាំងនៅក្នុងឆាកច្រៀងតាមស្ថានីយ៍ទូរទស្សន៍នានា ។ សូម្បីតែមិត្តសិល្បករម្នាក់ៗក៏ស្ងោចសរសើរថា គង់ ច័ន្ទរដ្ឋា ពិតជាខ្លាំងមិនធម្មតាទេ ដែលអាចឡើងឆាកច្រៀងទាំងពោះធំបែបនេះ ។
ចំពោះស្រីស្អាត គង់ ច័ន្ទរដ្ឋា មិនខ្វល់ពីអ្វីទាំងអស់ នាងនៅតែទទួលឡើងឆាកច្រៀងដូចមុន នាងថែមទាំងនិយាយថា សេចក្តីសុខរបស់នាង គឺបានសម្តែង និងច្រៀងជូនបងប្អូនទស្សនា ទោះបីជាពោះរបស់នាងធំជិតគ្រប់ ខែក៏ពិតមែន ប៉ុន្តែនាងក៏មិនបានច្រៀងរាំ ហក់លោតខ្លាំងៗដែរ ព្រោះនាងក៏ដឹងពីស្ថានភាពសុខភាពរបស់ខ្លួន ណាមួយនៅផ្ទះទំនេរចោលឥតប្រយោជន៍ ឡើងច្រៀងមិនត្រឹមតែបាន សប្បាយចិត្ត ថែមទាំងបានប្រាក់ចំណូលផងដែរ ។
គង់ ច័ន្ទរដ្ឋា នៅពុំទាន់កំណត់ថា នឹងត្រូវសម្រាលកូនដោយការវះកាត់ ឬ សម្រាលដោយធម្មជាតិ នោះទេ ពីព្រោះត្រូវរងចាំមើលស្ថានភាពជាក់ស្តែង តែនាងសង្ឃឹមថា នឹងសម្រាលដោយធម្មជាតិ ជាងការវះកាត់ ។ ពេលនេះទាំងនាង និង កូនក្នុងផ្ទៃ មានសុខភាពល្អធម្មតា កៀកថ្ងៃសម្រាល នាងត្រូវតាមដានសុខភាពជាប់ជានិច្ច ៕