ទោះបីជារដូវវស្សាតែ រ៉ាប៊ី សម្រុកកើបលុយមិនហ៊ាន​ឈប់​សម្រាក

តាំងពីចូលរដូវភ្លៀងមក សិល្បករសិល្បការិនីគ្រប់ផ្នែកសុទ្ធតែរយាលពីការងារសម្តែង និងច្រៀង ដោយឡែកតារាចម្រៀង រ៉ាប៊ឺ វិញបែរជាមមាញឹកខ្លាំងនៅក្នុងការកើបលុយពីអាជីពរបស់ខ្លួនរហូតរកពេលសម្រាកគ្មាន ។ រ៉ាប៊ឺ ខំប្រឹងបែបនេះព្រោះតែមិនចង់សន្សំលុយឱ្យបានច្រើន ដើម្បីទុកសម្រាប់ធ្វើរឿងពិសេសៗជាច្រើនសម្រាប់ខ្លួនឯង ។

តារាចម្រៀង រ៉ាប៊ឺ កំពុងឡើងកូដខ្លាំងក្រោយពីល្បីល្បាញក្នុងបទចម្រៀងមួយបទជាមួយ ពូឃ្លាំង ហើយចាប់តាំងពីពេលនោះមក នាងក៏បានក្លាយទៅជា BA នៅក្នុងក្រុមហ៊ុនធំៗជាច្រើនដែលអាចរកប្រាក់ចំណូលបានខ្ពស់ក្នុងមួយឆ្នាំៗ ជាពិសេសនៅក្នុងឆ្នាំ ២០២៣ នេះ គឺជាឆ្នាំជោគជ័យខ្លាំងសម្រាប់នាង ។

ជួបជាមួយ រ៉ាប៊ឺ​ កាលពីពេលថ្មីៗនេះនៅក្នុងកម្មវិធីជួបជុំមិត្តសិល្បករម្នាក់ នាងបានឱ្យដឹងថា ថ្វីដ្បិតតែខែនេះមិនសូវសប្បូរខនសឺតដូចមុន តែនាងរវល់ជាមួយនិងការងារធ្វើជា BA ឱ្យក្រុមហ៊ុន និងម្ចាស់ផលិតផលជាច្រើន ទើបមិនសូវមានពេលទំនេរទេ សូម្បីតែមកចូលរួមកម្មវិធីមិត្តភក្តិ គឺនាងឆ្លៀតពេលចូលរួមតែមួយភ្លែតក៏ត្រឡប់ទៅ វិញហើយ ដោយសារតែមិត្តស្និទ្ធស្នាលទើបមិនអាចចោលបាន។

រ៉ាប៊ឺ ក៏បានទទួលស្គាល់ផងដែរថា រាល់ការងារធ្វើជា BA មួយៗគឺទទួលបានតម្លៃខ្លួនខ្ពស់គួរសម បើប្រៀបធៀបទៅនិងឆ្នាំមុនៗ ពីព្រោះថានាងត្រូវធ្វើការងារ ថ្មីៗ ហើយប្លែកៗជាច្រើន ដើម្បីតម្រូវចិត្តថៅកែ បើមិនដូច្នេះទេ គ្មាននរណាចង់ហៅយើងធ្វើការឡើយ ។

រ៉ាប៊ឺ ខំប្រឹងធ្វើការងារទាំងយប់ទាំងថ្ងៃ គឺដើម្បីសន្សំប្រាក់ឱ្យបានច្រើន ដើម្បីសម្រេចបំណងប្រាថ្នាធំៗជាច្រើនរបស់ខ្លួន ក្តីស្រមៃក្នុងពេលអនាគតរបស់នាង គឺមានផ្ទះធំទ្រនំខ្ពស់ មានរថយន្តទំនើបជិះ ព្រមទាំងមានមុខរបររកស៊ីផ្ទាល់ខ្លួន បន្ទាប់មករៀបការមានគ្រួសារ ទើបជីវិតមិនលំបាក ។

ចំពោះរឿងរៀបការ គឺនាងមិនទាន់គិតឡើយ ដោយសារតែការងារមមាញឹកពេក នាងត្រូវច្បាមឱកាសមាសឱកាសប្រាក់នៅនិងមុខសិន ចំណែករឿងរៀបការ បើមើលឃើញថា បុរសណាម្នាក់ដែលអាច ទុកចិត្ត និងអាចផ្ញើវាសនាទៅថ្ងៃអនាគតបាន នាងនឹងយល់ព្រមការជាមួយភ្លាម ដូចដឹងស្រាប់ហើយថា មនុស្សស្រីគ្រប់រូប សុទ្ធតែប្រាថ្នាចង់បានជីវិតគូដែលសមប្រកប ។ ពេលនេះមានបុរសជាច្រើន ដែល រ៉ាប៊ឺ កំពុងមើល និង ពិចារណា ដើម្បីធ្វើជាកូនកំលោះរបស់ខ្លួន ៕