ទីបំផុត ស៊ីន យូប៊ីន សម្រេចបំណងធំទី ៣ ដោយទទួលបានពានរង្វាន់តារាសម្តែងស្រីដែលមានប្រជាប្រិយភាពប្រចាំឆ្នាំនៅប្រទេស ថៃ

ទើបតែបង្ហាញមុខនៅលើឆាកអន្តរជាតិធំ ២ មិនបានប៉ុន្មានផង ស្រាប់តែនៅថ្ងៃទី ០៣ ខែ កក្កដា នេះ តារាស្រីដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន ទទួលបានពានរង្វាន់ តារាសម្តែងស្រីដែលមានប្រជាប្រិយភាពប្រចាំឆ្នាំ ផ្តល់ដោយកម្មវិធី ASIA TOP AWARD 2023 ប្រទេស ថៃ នេះជាកម្មវិធីទី ៣ ហើយសម្រាប់តារាស្រីរូបនេះបង្ហាញខ្លួននៅ លើ ឆាកអន្តរជាតិ ។

ស៊ីន យូប៊ីន បានរៀបរាប់នៅលើ ហ្វេសប៊ុក របស់ខ្លួនថា « ពានរង្វាន់ តារាសម្តែងស្រីដែលមានប្រជាប្រិយភាពប្រចាំឆ្នាំ (popular actress of the year) ផ្តល់ដោយកម្មវិធី ASIA TOP AWARD 2023 ប្រទេសថៃ ជោគជ័យថ្ងៃនេះមិន មែនសម្រាប់តែ Yubin ប៉ុន្តែសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល សូមចូលរួមសាទរជាមួយ Yubin ទាំងអស់គ្នាproud to be Khmer »  ។

ជាមួយគ្នានោះផងដែរតារាស្រីដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន ក៏បានលេចធ្លោខ្លាំងជាមួយ ឈុតសម្លៀកបំពាក់ រួមជាមួយការច្នៃគ្រឿងអលង្ការដ៏គួរឱ្យទាក់ទាញ ។ ស៊ីន យូប៊ីន បានរៀបរាប់បន្ថែមទៀតថា «  ឈុតដែលប៉ាក់ដោយដៃក្បាច់ផ្កាចន្ទន៍រចនាបទបុរាណទម្ងន់ជិត 10kg ដោយ សុផលកាត់ដេរ ព្រមជាមួយគ្រឿងអល្លង្កា តួរព្យញ្ជនៈ និង លេខ និង ស្រៈ របស់ខែ្មរ ដែល Yubin តាំងចិត្តលើកយកបង្ហាញក្នុងកម្មវិធីASIA TOP AWARD 2023 ខុសត្រូវយ៉ាងណាសូមខន្តីអភ័យទោសផង » ។

ការបង្ហាញខ្លួនរបស់ ស៊ីន យូប៊ីន លើកនេះកាន់តែធ្វើឱ្យពិភពលោកស្គាល់ពីប្រទេស កម្ពុជា ច្រើនឡើង ពីព្រោះនេះជាលើកទី ៣ ហើយក្នុងឆ្នាំ ២០២៣ នេះ ដែលនាងបាននាំ កម្ពុជា ឱ្យពិភពលោកស្គាល់ ។

ថ្វីដ្បិតតែ ស៊ីន យូប៊ីន ជួបឧបទេវហេតុរហូតធ្វើឱ្យនាងរបួសជើងអធ្ងន់ធ្ងរ ក្នុងអំឡុងចេញទៅចូលរួមកម្មវិធីធំនៅប្រទេស កូរ៉េ និង បារាំង នាពេលកន្លងមកក្តី ប៉ុន្តែនាងនៅតែខំប្រឹងប្រែងទៅចូលរួម ទាំងខ្លួនកាន់ឈើច្រត់ ដោយឡែកការចូលរួមក្នុងកម្មវិធីនៅប្រទេស ថៃ នេះ វិញ ស្ថានភាពសុខភាព ស៊ីន យូប៊ីន បានល្អប្រសើរច្រើន ។

ស៊ីន យូប៊ីន ពិតជាសប្បាយចិត្តខ្លាំង ក្រោយបំណងប្រាថ្នាធំទី ៣ របស់ខ្លួននៅក្នុងឆ្នាំនេះសម្រេចតាមបំណង ៕