ចូលវ័យជាង ៣០ ឆ្នាំហើយ តារាសម្តែង និង ចម្រៀង នៅ ដាណា នៅតែមិនទាន់ដឹកដៃគូស្នេហ៍បរទេសខ្លួនចូលរោងការទៀត ដោយនាងបាននិយាយថា រឿងរៀបការមិនសំខាន់ ព្រោះចង់បំពេញក្តីស្រមៃខ្លួនជាមុនសិន ។
នៅ ដាណា ជាតារាសម្តែងលេចធ្លោមួយរូប ដែលនាងធ្លាប់លេចមុខក្នុងរឿងធំៗជាច្រើន ជាពិសេសរឿងដែលមានការដឹកនាំពីបរទេស ពីព្រោះទម្រង់មុខនាងភាគច្រើនសមទៅនឹងរឿងបែបនោះ ចំណែកនាងវិញ ក៏ចូលចិត្តសម្តែងរឿងណាដែលប្លែក និង គ្រោះថ្នាក់ផងដែរ ។
ក្រៅពីអាជីពសម្តែង នៅ ដាណា ក៏ជាតារាចម្រៀងឯករាជ្យមួយរូបដែលបានផលិតបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបង្ហោះនៅលើ ផេកហ្វេសប៊ុក និង យូធូប របស់ខ្លួនផងដែរ ជាក់ស្តែងកន្លងមក នាងបានធ្វើបទចម្រៀងជាច្រើន ហើយមានអ្នកគាំទ្រច្រើន មិនចាញ់តារាចម្រៀងអាជីពឡើយ ។
ស្របពេលដែលអាជីពសម្តែង និងអាជីពចម្រៀង កំពុងដំណើរការទៅមុខយ៉ាងរលូនមានអ្នកសិល្បៈជាច្រើនចង់ដឹងថា តើពេលណា នៅ ដាណា សម្រេចចិត្តដឹកដៃគូស្នេហ៍ចូលរោងការ ? ពីព្រោះនាងនិងគូស្នេហ៍តែងតែបណ្តើរគ្នាទៅចូលរួមកម្មវិធីនានាមិនដែលខាន ។
មកទល់ពេលនេះ នៅ ដាណា និងគូស្នេហ៍បរទេសខ្លួន បានស្រឡាញ់គ្នាអស់ពេលជិត ៦ ឆ្នាំហើយ ហើយអ្នកទាំងពីរក៏មិនដែលលាក់បាំងចំពោះរឿងនេះទេ តែចំពោះរឿងរៀបការ នៅ ដាណា បានបញ្ជាក់ប្រាប់ថា រឿរៀបការគង់តែរៀបទេ តែរឿងនេះមិនសំខាន់សម្រាប់នាងឡើយ ពីព្រោះនាងនិងគូស្នេហ៍គិតថា ជារឿងមនុស្សពីរនាក់ អ្វីដែលសំខាន់ នាងនិងគូស្នេហ៍ចង់តាមរកក្តីស្រមៃរៀងៗខ្លួនជាមុនសិន ។
ឆ្នាំនេះ នៅ ដាណា មានវ័យជាង ៣០ ឆ្នាំហើយ នាងមានក្តីស្រមៃចង់ពង្រឹងអាជីពចម្រៀងឱ្យរឹងមាំ និងមានភាពល្បីល្បាញជាងនេះសិន មុននឹងនាងសម្រេចចិត្តដឹកដៃគូស្នេហ៍ចូលរោងការ ចំណែកគូស្នេហ៍នាងវិញក៏មិនបានបង្ខំចិត្តនាងចំពោះរឿងនេះដែរ ពីព្រោះដៃគូនាងក៏មានបំណងធំពង្រឹងការងាររបស់លោកឱ្យល្អប្រសើរ និងរីកចំរើន ៕