កូន ខ្មែរ  កាត់ រុស្សី ឌៀប សូហ្វៀរ៉ា រងចាំធំពេញវ័យសិន មុននឹងដាក់ពាក្យប្រលងបវរកញ្ញាលំដាប់ពិភពលោកជាបន្តទៀត  

ឌៀប សូហ្វៀរ៉ា បវរកញ្ញាលំដាប់រងទី ២ ក្នុងកម្មវិធី Little Miss Junior Idol 2023 កំពុងប្រឹងប្រែងហ្វឹតហាត់ ពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងក្លា ដើម្បីរងចាំដាក់ពាក្យប្រកួតក្នុងកម្មវិធីប្រលងបវរកញ្ញាលំដាប់ពិភពលោកនានា …។

ឆ្នាំនេះ ឌៀប សូហ្វៀរ៉ា ទើបតែមានវ័យ ១៣ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនិយាយពីសមត្ថភាព និងរូបសម្រស់ គឺអាចចាត់ទុកថា នាងខ្លាំងមិនធម្មតាទេ រហូតទទួលបានចំណាត់ថ្នាក់លំដាប់រងទី ២ ពីកម្មវិធី Little Miss Junior Idol 2023 នៅប្រទេស ថៃ ។ ចាប់តាំងពីមានឈ្មោះល្បីល្បាញ ឌៀប សូហ្វៀរ៉ា ចាប់ផ្តើមលេចមុខលេចមាត់ខ្លាំងក្នុងវិស័យសិល្បៈ ហើយថ្មីៗនេះនាងទើបតែទទួលថតរឿងដុំមួយសម្រាប់ដាក់បញ្ចាំងក្នុងរោងភាពយន្ត ដោយទទួលបានតម្លៃខ្លួនខ្ពស់ មិនចាញ់តារាល្បីមួយចំនួនឡើយ ។

បើទោះបីជាស្នាដៃដំបូងនេះ ឌៀប សូហ្វៀរ៉ា សម្តែងជាតួអង្គ ខ្មោច ប៉ុន្តែនាងសម្តែងបានយ៉ាងល្អ ដូចតារាអាជីព រហូតធ្វើឱ្យអ្នកដឹកនាំរឿងស្រឡាញ់ពេញចិត្តនូវការសម្តែងរបស់ខ្លួន ហើយគ្រោងនឹងហៅនាងថតជាបន្តបន្ទាប់ ។ ឌៀប សូហ្វៀរ៉ា ផ្ទាល់មិនមានការរើសអើងពេលដែលអ្នកដឹកនាំរឿងរើសនាងសម្តែងជាតួអង្គបែបនោះទេ អ្វីដែលសំខាន់គឺនាងស្រឡាញ់ហើយចូលចិត្តខាងការសម្តែង ។  

ជួបជាមួយយុវតីវ័យក្មេងកូន ខ្មែរ កាត់ រុស្សី ឌៀប សូហ្វៀរ៉ា កាលពីពេលថ្មីនេះ នាងបានប្រាប់ថា ពេលនេះនាងកំពុងមមាញឹកខ្លាំងនៅក្នុងការថតម៉ូដសម្លៀកបំពាក់  និងដើរម៉ូដក្នុងកម្មវិធីផ្សេងៗ  តែទោះជាយ៉ាងណានាងមិនភ្លេចពីការសិក្សានោះទេ ។

ស្របពេលដែលកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញ មានអ្នកគាំទ្រជាច្រើនចង់ឃើញ ឌៀប សូហ្វៀរ៉ា ចូលរួមប្រកួតក្នុងវិស័យបវរកញ្ញាជាថ្មីម្តងទៀត ប៉ុន្តែមិនដឹងថាតារាកូនកាត់ ខ្មែរ រុស្សី រូបនេះគិតយ៉ាងណានោះទេ ?

ចំពោះរឿងនេះ ឌៀប សូហ្វៀរ៉ា បានបញ្ជាក់ប្រាប់ថា តាមពិតនាងមានបំណងចូលរួមប្រកួតក្នុងកម្មវិធីជាច្រើនទៀត ប៉ុន្តែឆ្នាំនេះនាងទើបតែមានវ័ ១៣ ឆ្នាំប៉ុណ្ណោះ គឺមិនអាចចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាធំៗដូចជារៀមច្បងបានទេ ត្រូវរងចាំនាងធំពេញវ័យ និងមានវ័យ ១៨ ឆ្នាំសិន ទើបអាចដាក់ពាក្យចូលប្រកួតបាន ។ ក្នុងចន្លោះពេលនេះ ឌៀប សូហ្វៀរ៉ា កំពុងប្រឹងហ្វឹកហាត់ទាំងចំណេះដឹង ពង្រឹងសមត្ថភាពដើរម៉ូដឱ្យកាន់តែខ្លាំង រងចាំពេលវេលាមកដល់ ។

ក្រៅពីហ្វឹកហាត់ជំនាញជាច្រើន ឌៀប សូហ្វៀរ៉ា ក៏បានទៅហាត់រៀនរបាំ ខ្មែរ ផ្សេងៗទៀត ដើម្បីពង្រឹងសមត្ថភាពខ្លួនក្នុងវិស័យសិល្បៈឱ្យកាន់តែមានភាពរឹងមាំ ទុកជាទុនសម្រាប់បំពេញក្តីស្រមៃរបស់ខ្លួននៅពេលដែលធំពេញវ័យ ៕