ស្ងាត់​រឿង​រៀបការ​ វណ្ណៈ បូរមី ត្រៀម​បង្ហាញ​ស្នាដៃ​ធំៗ​ធ្វើ​ឱ្យ​កក្រើក​ឆាក​សិល្បៈ​ជា​ថ្មី

បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយបុរសសង្ហារវ័យក្មេងជាជនជនបរទេសម្នាក់មក បានធ្វើឱ្យតារាសម្តែង វណ្ណៈ បូរមី បាត់មុខឈឹងពីឆាកសម្តែង និង បង្ហាញម៉ូដ ដោយឡែកថ្មីៗនេះស្រាប់តែនាងបានលេចមុខក្នុងភាពយន្តថ្មីមួយ ធ្វើមហាជនមានការចាប់អារម្មណ៍ខ្លាំង ជាពិសេស វណ្ណៈ បូរមី ត្រៀមនឹងបង្ហាញស្នាដៃធំៗជាច្រើនធ្វើឱ្យកក្រើក​ឆាក​សិល្បៈ​ជា​ថ្មី​ម្តង​ទៀត ។

កាលពីប៉ុន្មានឆ្នាំមុន វណ្ណៈ បូរមី ធ្លាប់ជាតារាសម្តែងលេចធ្លោមួយរូបដែលមានសម្រស់ស្រស់ស្អាត ធ្វើឱ្យអ្នកដឹកនាំរឿងជាច្រើនពេញចិត្តលើស្នាដៃសម្តែងរបស់នាង ប៉ុន្តែពេលដែលកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ និងមានប្រជាប្រិយភាពខ្លាំង ស្រាប់តែនាងបាត់មុខឈឹងពីសិល្បៈ រហូតធ្វើឱ្យទស្សនិកជនជាច្រើនគិតថា នាងបានរៀបការ និង បោះបង់អាជីពនេះចោលហើយ ជាក់ស្តែងពេលនោះនាងបានបង្ហោះរូបភាពស្វីតស្វីត ជាច្រើនជាមួយគូស្នេហ៍បរទេសខ្លួន ។

ជួបជាមួយ វណ្ណៈ បូរមី ជាថ្មីម្តងទៀត នាងនៅតែអះអាងថា មិនទាន់រៀបការ ពេលនេះនាងសុំពេលវេលាមកកសាង​កេរ្តិ៍ឈ្មោះឡើងវិញ បន្ទាប់ពីនាងផ្អាកក្នុងអាជីពនេះអស់ពេលយូរគួរសម នាងសង្ឃឹមថា ទស្សនិកជននៅតែស្រឡាញ់គាំទ្រនាងដូចដើម ។

ស្ថិតក្នុងវ័យ ២៤ ឆ្នាំ វណ្ណៈ បូរមី មានបំណងនឹងវិលត្រឡប់មកប្រកួតក្នុងវិស័យបវរកញ្ញាជាថ្មីម្តងទៀត ដើម្បីសម្រេចបំណងធំរបស់ខ្លួន ដោយនាងបានដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី Miss Universe Cambodia ។ វណ្ណៈ បូរមី បានប្រាប់ថា នាងមានស្នាដៃថ្មីៗប្លែកៗជាច្រើនទៀតត្រៀមបង្ហាញទស្សនិកជន និងធ្វើឱ្យផ្ទុះខ្លាំងក្នុងវិស័យសិល្បៈផងដែរ ។

វណ្ណៈ បូរមី នៅមិនទាន់បញ្ជាក់ប្រាប់លំអិតពីគម្រោងដែលនាងត្រៀមបង្ហាញទស្សនិកនៅឡើយទេ ដោយនាងទុកឱ្យមានការភ្ញាក់ផ្អើលនៅពេលដែលការងារទាំងនោះចេញជាផ្លែផ្កា ។  

គួររំលឹកផងដែរថា មូលហេតុដែល វណ្ណៈ បូរមី បាត់មុខពីសិល្បៈគឺនាងសំងំរកស៊ី និងធ្វើការងារផ្សេងៗដែលមិនពាក់ព័ន្ធ និងសិល្បៈ  តែពេលនេះនាងទំនេរពីការងារទាំងនោះ ទើបនាងវិលត្រឡប់មកសាងកេរ្តិ៍ឈ្មោះឡើងវិញ ៕