ពេលនេះ ភិន សុដាលីស បានផ្អាកពីការងារសម្តែងទាំងស្រុង ដើម្បីងាកទៅពង្រឹងការងាររកស៊ីរបស់ខ្លួនវិញ ក្នុងមួយឆ្នាំៗនាងចំណាយប្រាក់ផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារចេញទៅកម្សាន្តនៅប្រទេសធំៗ ដើម្បីសាកថ្មជីវិត ច្រើនជាងគិតគូពីរឿងរៀបការគូស្រករថ្មី ។
ជាញឹកញាប់ ភិន សុដាលីស តែងតែចំណាយពេលវេលាទៅដើរកម្សាន្តនៅក្រៅប្រទេសរួមជាមួយមិត្តសិល្បៈជាច្រើនទៀត ទាំងតំបន់អាស៊ី និង អឺរ៉ុប ជាក់ស្តែងនាងឧស្សាហ៍ចេញទៅ សហរដ្ឋអាមេរិក ញឹកញាប់បំផុត ពេលខ្លះនាងទៅតែម្នាក់ឯង ពេលខ្លះទៀតទៅជាមួយមិត្តសិល្បករផ្សេងទៀត ។
ភិន សុដាលីស បានប្រាប់ថា ក្នុងមួយឆ្នាំៗនាងត្រូវចេញទៅដើរកម្សាន្តនៅប្រទេសធំៗឱ្យបានយ៉ាងតិច ២ ដង ដើម្បីសាកថ្មីជីវិត ពេលត្រឡប់មកវិញធ្វើការរកលុយ សម្រាប់ដើរលេងនៅឆ្នាំក្រោយទៀត ។
ថ្វីដ្បិតតែមិនប្រកបអាជីពសម្តែងដូចមុន តែ ភិន សុដាលីស អាចរកប្រាក់ចំណូលបានច្រើនពីការថត ផ្សាយពាណិជ្ជកម្ម និងធ្វើការងារផ្សេងៗ ជាពិសេសនាងក៏មានអាជីវកម្មជាច្រើនកន្លែងនៅក្នុងដៃ ដែលអាចរកប្រាក់ចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយខែៗ ។
ភិន សុដាលីស បានទទួលស្គាល់ផងដែរថា នាងពិតជាអាចរកប្រាក់ចំណូលបានច្រើនមែន ប៉ុន្តែនាងត្រូវខំប្រឹងធ្វើការងារទាំងនោះដោយមិនហ៊ានសម្រាកឡើយ ធម្មតាមានឈ្មោះជាស្រ្តីមេម៉ាយកូន ១ មិនស្រួលទេ ត្រូវតែខំប្រឹងបន្តិច ទើបជីវិតមិនលំបាក ។
ពេលនេះកូនស្រីរបស់ ភិន សុដាលីស ក៏ធំជាងមុនច្រើនដែរ ប៉ុន្តែនៅពេលនិយាយពីរឿងរៀបការមានគូស្រករថ្មី ស្រាប់តែនាងពោលពាក្យ រៀបការធ្វើអី ជីវិតនៅម្នាក់សប្បាយចិត្តជាងរស់នៅមានគ្នា ចង់ធ្វើអ្វីក៏មិនខ្លាចចិត្តនរណា សំខាន់មានប្រឹងរកលុយចិញ្ចឹមជីវិតខ្លួនឯង មានពេលទំនេរដើរលេងជុំមិត្តភក្តិទៅក្រៅប្រទេស ជីវិតពិតជាអស្ចារ្យណាស់ ៕