ចាប់តាំងពីប្រកាសបើកចំហរពីទំនាក់ទំនងស្នេហារវាងតារាកូនកាត់ ខ្មែរ អាល្លឺម៉ង និងគូស្នេហ៍ដែលមានភេទដូចគ្នាមក បានធ្វើឱ្យ ម៉ៃយ៉ា កាន់តែឃ្លាតឆ្ងាយពីឆាកសម្តែង ភាគច្រើននាងទទួលថតតែការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ ។ ម៉ៃយ៉ា ផ្អាកពីការងារសម្តែង គឺត្រូវបានគេដឹងថា ដោយសារគូស្នេហ៍របស់នាងបានហាមឃាត់ ។
ម៉ៃយ៉ា ធ្លាប់ជាតារាសម្តែងលេចធ្លោមួយរូបដែលមានប្រជាប្រិយភាពខ្លាំងកាលពីប៉ុន្មានឆ្នាំមុន ពីព្រោះនាងមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានទេពកោលស្យសម្តែងល្អ ដែលធ្វើឱ្យម្ចាស់ផលិតកម្មជាច្រើនពេញចិត្ត ប៉ុន្តែអ្វីដែលគួរឱ្យស្តាយនោះ នៅពេលដែលកេរ្តិ៍ឈ្មោះក្នុងវិស័យសម្តែង កំពុងល្បីល្បាញ ស្រាប់តែនាងដកខ្លួនពីវិស័យនេះទៅវិញ យូរៗម្តងទើបឃើញវត្តមាននាងនៅក្នុងការសម្តែង ។
ក្រៅពីដកឃ្លាពីឆាកសម្តែង ម៉ៃយ៉ា បានងាកទៅពង្រឹងការងាររកស៊ីលក់ផលិតផល និងថតផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុន និងថតសំអាងការ ក្រៅពីនេះនាងធ្វើជាពិធីករក្នុងការប្រគំតន្រ្តីរបស់ស្ថានីយ៍ទូរទស្សន៍មួយ ។ បើតាមប្រភពព៌ត៌មានពីអ្នកស្និទ្ធជាមួយ ម៉ៃយ៉ា បានបង្ហើបប្រាប់ថា ម៉ៃយ៉ា មិនហ៊ានថតរឿងទេ ដោយសារគូស្នេហ៍នាងហាមប្រាមចំពោះរឿងនេះ ពីព្រោះថា ការថតរឿងគឺនាងត្រូវសម្តែងឈុតស្នេហា ស្និទ្ធស្នាលជាមួយតួប្រុស គូស្នេហ៍នាងប្រចណ្ឌខ្លាំង ។
ម៉ៃយ៉ា បានបញ្ជាកប់ប្រាប់ថា នាងនៅតែស្រឡាញ់ការសម្តែង ប៉ុន្តែពេលវេលាមិនអំណោយផល នាងត្រូវផ្អាកពីការងារនេះមួយរយៈ ដើម្បីមានពេលវេលាច្រើនធ្វើការងារផ្សេង ដូចដឹងស្រាប់ហើយថា ការងារសម្តែងគឺត្រូវចំណាយពេលវេលាច្រើន ថតទាំងយប់ ថតទាំងថ្ងៃ ជាពិសេសត្រូវចេញទៅខេត្ត ឆ្ងាយៗយូរទៀត ។ តែទោះជាយ៉ាងក្តី ម៉ៃយ៉ា នៅតែមានបំណងនឹងវិលត្រឡប់មកថតភាពយន្តឡើងវិញក្នុងពេលឆាប់ៗដើម្បីទុកជាចំណងដៃដល់អ្នកគាំទ្រ ។
គួរបញ្ជាក់ផងដែរថា ម៉ៃយ៉ា គឺជាកូនកាត់ ខ្មែរ អាល្លឺម៉ង់ ដែលមានសម្រស់ស្រស់ស្អាត និងហ៊ានបញ្ចេញពីចំណងស្នេហ៍ភេទដូចគ្នារបស់ខ្លួនឱ្យទស្សនិកជនបានដឹងលឺជាច្រើនឆ្នាំមកហើយ រាល់ពេលទៅណាមកណា នាងតែងតែបណ្តើរគូស្នេហ៍ខ្លួនទៅចូលរួមគ្រប់ពេល ហើយគូស្នេហ៍នាងក៏មិនហ៊ានបណ្តោយនាងទៅណាមកណាតែម្នាក់ឯងដែរ ដោយសារតែខ្លាមានកន្លង់ឆក់នាងទៅបាត់ ។ ចាប់តាំងពីបើ់កចំហរពីចំណងស្នេហ៍ភេទដូចគ្នាមក ម៉ៃយ៉ា ក៏មានគម្រោងនឹងរៀបចំពិធីមង្គលការជាមួយគូស្នេហ៍ខ្លួនផងដែរ បន្ទាប់ពីការងារកស៊ីរបស់នាងជោគជ័យ ៕