យឿន សូតអនុស្សាវរីយ៍ តស៊ូក្នុងសិល្បៈ ៥ ឆ្នាំ សល់បានតែកេរ្តិ៍ឈ្មោះ រកលុយចាយមិនគ្រប់ ចុងក្រោយប្រកាសឈប់ច្រៀង

ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលតារាចម្រៀង យឿន សូអនុស្សាវរីយ៍ ប្រកាសឈប់ពីផលិតកម្ម សាន់ដេ យ៉ាងតក់ក្រហល ទាំងដែលលោកខំប្រឹងតស៊ូក្នុងវិស័យចម្រៀងនេះយ៉ាងលំបាកទំរាំតែបានដូចសព្វថ្ងៃនេះ។ នៅក្រោយពីការឈប់ច្រៀងរបស់តារាចម្រៀងរូបនេះ ត្រូវបានលោកបង្ហើបប្រាប់ថា ច្រៀងបានត្រឹមតែល្បីឈ្មោះ តែរកលុយចិញ្ចឹមជីវិតស្ទើរតែមិនរស់ ។  

នៅក្នុងសាររបស់លោក យឿន សូតអនុស្សាវរីយ៍ កាលពីប៉ុន្មានម៉ោងមុននេះបានរៀបថា « ខ្ញុំបាទ យឿន សូតអនុស្សាវរីយ៍ សូមប្រកាសជាសាធារណៈថាខ្ញុំបាទបានបញ្ចប់កុងត្រាការងារជាមួយផលិតកម្ម សាន់ដេ (SUNDAY PRODUCTION) ជាផ្លូវការហើយ។ ក្នុងរយៈពេលជាច្រើនឆ្នាំដែលខ្ញុំបាទបានរួមរស់ក្រោមដំបូល សាន់ដេ ពិតជាទទួលបានភាពកក់ក្តៅនិងការជួយជ្រោមជ្រែងជាច្រើនរាប់មិនអស់ ខ្ញុំបាទមានថ្ងៃនេះគឺជាគុណបំណាច់ដ៏ធំធេងមិនអាចថ្លៃបានរបស់គ្រួសារសាន់ដេ ពេលវេលាកន្លងមកធ្វើឱ្យខ្ញុំបាទចងចាំមិនអាចបំភ្លេចបានក្នុងមួយជីវិតនេះ។ គ្មានការជួបជុំណាដែលមិនបែកគ្នានោះទេ ប៉ុន្តែអនុស្សាវរីយ៍ល្អៗជាច្រើនរាប់មិនអស់បានដក់ជាប់ក្នុងក្រអៅបេះដូងខ្ញុំជានិច្ចនិរន្តរ៍ » ។

បទចម្រៀងដំបូងដែលធ្វើឱ្យទស្សនិកជនស្គាល់ លោក យឿន សូតអនុស្សាវរីយ៍ ដំបូងនោះគឺតាមរយៈបទចម្រៀងដែលមានចំណងជើងថា « ម៉ោជួយខ្មាតផង » ។ លោក យឿន សូតអនុស្សាវរីយ៍ បានតស៊ូយ៉ាងលំបាកនៅក្នុងអាជីពចម្រៀងទំរាំតែដើរមកដល់សព្វថ្ងៃនេះ តើហេតុអ្វីនៅសុខៗស្រាប់តែប្រកាសឈប់ពីផលិតកម្មទៅវិញ ? មិនតែប៉ុណ្ណោះលោកថែមទាំងមានបំណងចង់ឈប់ពីអាជីពចម្រៀងតែម្តង ។

លោក យឿន សូតអនុស្សាវរីយ៍ បានបញ្ជាក់ប្រាប់ថា លោកលែងចង់ច្រៀងទៀតហើយ ពីព្រោះអាជីពចម្រៀងបានត្រឹមតែល្បីឈ្មោះ តែរកលុយមិនបាន រយៈពេល ៥ ឆ្នាំមកនេះ មិនបានធ្វើឱ្យលោកសល់ប្រាក់កាសដើម្បីយកមកចិញ្ចឹមជីវិតឡើយ ផ្ទុយទៅវិញ លោកបែរជាចំណាយប្រាក់ខ្លួនទៅលើការងារនេះវិញ ដូច្នេះហើយទើបលោកសម្រេចចិត្តឈប់ពីអាជីពចម្រៀងតែម្តង ។

ទន្ទឹមនឹងការប្រកាសផ្អាក និងឈានដល់ការឈប់ពីអាជីពចម្រៀងនោះលោក យឿន សូតអនុស្សាវរីយ៍ ក៏បានឱ្យដឹងផងដែរថា លោកមានបំណងចង់ទៅរកស៊ីវិញ ដើម្បីមានប្រាក់ចំណូលខ្លះ ដើម្បីចិញ្ចឹមជីវិត បើសង្ឃឹមតែអាជីពចម្រៀង ជីវិតនេះគឺនៅតែលំបាក ៕