កញ្ញា លីវ ជីលី បានបង្ហាញគោលបំណងធំៗចំនួន ៣ ដែលត្រូវធ្វើ បន្ទាប់ពីចប់ការប្រកួតនៅប្រទេស ប៉ូឡូញ រយៈពេល ២០ ថ្ងៃ ក្នុងកម្មវិធី Miss Supranational ។
គោលបំណងធំទាំង ៣ នោះ ត្រូវបានកញ្ញា លីវ ជីលី បញ្ជាក់ប្រាប់ថា ទី ១ គឺនាងចង់ធ្វើជាតារាចម្រៀង ទី ២ គឺនាងចង់ងាកទៅរកការងាររកស៊ីជំនួសវីញ និងទី ៣ គឺ រៀបការមានគ្រួសារ ដែលជាបំណងធំបំផុតសម្រាប់នាង ។
បើទោះបីជាបង្ហាញពីគម្រោងធំ ៣ របស់ខ្លួនដែលត្រូវធ្វើបន្ទាប់ពីប្រកួតចប់ កញ្ញា លីវ ជីលី នៅពុំទាន់បញ្ជាក់ពីពេលវេលាដែលត្រូវរៀបការជាមួយគូស្នេហ៍ខ្លួននៅឡើយទេ ដោយនាងរងចាំសម្រេចក្តីស្រមៃរបស់ខ្លួនជាមុនសិន ។
ជាមួយគ្នានោះផងដែរកញ្ញា លីវ ជីលី មានបំណងនឹងបញ្ចប់អាជីពបវរកញ្ញា ក្រោយពីចប់ការប្រកួត Miss Supranational នៅប្រទេស ប៉ូឡូញ ។ នាងថា នាងនឹងមិនចូលរួមប្រកួតក្នុងកម្មវិធីប្រកួតណាមួយទៀតទេ ពីព្រោះនាងចង់ទុកឱកាសឱ្យប្អូនៗជំនាន់ក្រោយ ណាមួយនាងមានការងារផ្សេងទៀតដែលត្រូវធ្វើ ។
កញ្ញា លីវ ជីលី បានឡើងយន្តហោះទៅប្រទេស ប៉ូឡូញ នៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៣ កន្លងមកនេះ បើតាមគម្រោងនាងត្រូវនៅទីនោះរយៈពេល ២០ ថ្ងៃ ដើម្បីចូលរួមកម្មវិធីផ្សេងៗរហូតដល់ថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ។ មិនថាលទ្ធផលបែបណា លីវ ជីលី បេ្តជ្ញាចិត្ត នឹងប្រឹងប្រែងអស់ពីសមត្ថភាព ៕