បន្ទាប់ពីអស់លទ្ធភាពក្នុងការរកប្រាក់ដើម្បីព្យាបាលជំងឺមហារីកសុដន់ ដែលបានធ្វើទុក្ខរុំារ៉ៃអស់ជាច្រើនខែ បានធ្វើឱ្យតារាសម្តែង អេង វ៉ាណង ធ្លាក់ខ្លួនខ្លាំង រហូតដាច់ចិត្តសុំជំនួយពីមិត្តសិល្បករទាំងក្នុងនិងក្រៅប្រទេស និងសប្បុរសជននានា ដែលពេលនេះមានមិត្តសិល្បករជាច្រើនកំពុងអំពាវនាវ ឱ្យសប្បុរសជនទាំងអស់ជួយដល់តារាសម្តែងរូបនេះទៅតាមលទ្ធភាពដែលខ្លួនមាន ។
តារាសម្តែង អេង វ៉ាណង ធ្លាប់បានចេញទៅព្យាបាលជំងឺមហារីកសុដន់នៅប្រទេស ថៃ ច្រើនលើកមកហើយនាពេលកន្លងមក ហើយថែមទាំងបានចាក់គីមីចំនួន ២ លើក តែជំងឺរបស់នាងនៅពុំទាន់ធូស្រាលទៀត ព្រោះជំងឺនាងបានឈានដល់ដំណាក់កាលទី ៣ ដែលកំពុងធ្វើឱ្យកូន និងគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង ។
ពេលនេះសិល្បករទាំងក្នុងនិងក្រៅប្រទេសកំពុងនាំគ្នាស្វះស្វែងរកជំនួយដើម្បីជួយដល់តារាសម្តែង អេង វ៉ាណង ដែលកំពុងសម្រាក់ព្យាបាលជំងឺ មហារីកសុដន់ដំណាក់កាលទី ៣ ។
អេង វ៉ាណង បានធ្លាក់ខ្លួនឈឺជំងឺមហារីកសុដន់ដំណាក់កាលទី ៣ នេះអស់ពេលជាង ៥ ខែមកហើយ ពីមួយខែទៅមួយខែជំងឺចេះតែ វិឌ្ឍន៍ទៅមុខយ៉ាងឆាប់រហ័ស ។
តារាសម្តែង អេង វ៉ាណង បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា ពេលឈឺដំបូងនាងបានទៅព្យាបាលនៅមន្ទីរពេទ្យ រុស្សី តែការព្យាបាលនៅក្នុងស្រុកហាក់មិនទទួលបានផល ទើបនាងសម្រេចចិត្តចេញទៅព្យាបាលនៅឯប្រទេសថៃ ជាលទ្ធផលក្រុមវេជ្ជបណ្ឌិតបានប្រាប់ថា សាច់ដែលដុះក្នុងខ្លួននាងគឺជាសាច់កាច តម្រូវអោយធ្វើការវះកាត់ជាបន្ទាន់ ថែមទាំងត្រូវចាក់សារធាតុគីមីចំនួន១៦ដង ដែលក្នុងម្តងត្រូវចំណាយអស់ខ្ទង់៨០០ដុល្លា ។ ដោយសារតែក្រុមគ្រួសារគ្មានលិទ្ធភាព ក្នុងការព្យាបាល ទើបបសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ ហើយលេបថ្នាំបណ្តោះអាសន្នសិន ។
ដំបូង អេង វ៉ាណង មិនបានទំលាយរឿងដែលខ្លួនមានជំងឺមហារីកនេះប្រាប់ដល់មហាជននោះទេ ដោយសារនាងនៅមានទ្រព្យសម្បត្តិខ្លះៗដើម្បីមើលជំងឺខ្លួន ម្យ៉ាងវិញទៀតនាងមិនចង់លឺពាក្យថា អ្នកសិល្បៈឱ្យតែឈឺដឹងតែប្រកាសសុំជំនួយ ប៉ុន្តែពេលនេះនាងអស់លទ្ធភាពដើម្បីព្យាបាលជំងឺហើយ ទើបសម្រេចចិត្តប្រកាស និងសុំជំនួយ ៕