នៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៣ នេះ កញ្ញា លីវ ជីលី នឹងឡើងយន្តហោះចេញទៅប្រកួតក្នុងកម្មវិធី Miss Supranational នៅប្រទេស ប៉ូឡូញ រួមជាមួយបុរសសង្ហារ សិលា ផងដែរ ។ ទន្ទឹមនឹងការរងចាំចាកចេញនេះ គូស្នេហ៍ លីវ ជីលី មានការខ្វាយខ្វល់ចំពោះនាងយ៉ាងខ្លាំង រហូតធ្វើឱ្យនាងរំភើបចិត្ត និងទប់ទឹកភ្នែកមិនបានពេលដែលរំលឹកដល់គូស្នេហ៍ ។
កញ្ញា លីវ ជីលី គឺបានជាប់ជា Miss Supranational Cambodia 2023 តំណាងឱ្យ កម្ពុជា ទៅចូលរួមប្រកួតលើឆាកអន្តរជាតិ ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន បើទោះបីជាពេលវេលាប្រកួតមិនទាន់មកដល់ ប៉ុន្តែ លីវ ជីលី បានខំប្រឹងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យខ្លាំងក្លាឡើង ដោយមិនហ៊ានឈប់សម្រាកឡើយ ពីព្រោះនាងរំពឹងថា ការចេញទៅប្រកួតនៅលើ ឆាកអន្តរជាតិជាលើកទី ២ នេះនឹងធ្វើឱ្យនាងកាន់តែទទួលបានបទពិសោធច្រើននៅលើវិស័យបវរកញ្ញា ។
បើតាមគម្រោង លីវ ជីលី ចេញទៅប្រកួតលើកនេះនៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៣ នេះរួមជាមួយលោក សិលា ផងដែរ ហើយពួកគេនឹងចំណាយពេលវេលានៅទីនោះរហូតដល់ជិតមួយខែ ទំរាំដល់ថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ។ លីវ ជីលី បានត្រៀមខ្លួនរួមជាស្រេចដើម្បីចេញទៅប្រកួត ទាំងសម្លៀកបំពាក់ ការសម្តែង គឺនាងបានរៀបចំរួចរាល់ហើយ រងចាំតែថ្ងៃចេញដំណើរប៉ុណ្ណោះ ជាក់ស្តែងនាងទើបតែទទួលបានទិដ្ឋការក្នុងការចេញទៅប្រកួតនៅប្រទេស ប៉ូឡូញ នៅថ្ងៃទី ២២ ខែ មិថុនា នេះ ។
លីវ ជីលី រំភើបចិត្តណាស់នៅពេលដែលស្ថានទូត ប៉ូឡូញ បានផ្តល់ទិដ្ឋការសម្រាប់នាងចេញទៅប្រកួត នាងថែមទាំងបាននិយាយថា មិនថាលទ្ធផលយ៉ាងណា នាងនឹងខំប្រឹងអស់ពីសមត្ថភាព ។
ទន្ទឹមនិងការត្រៀមខ្លួនចេញទៅប្រកួតនេះ គូស្នេហ៍របស់ លីវ ជីលី បានផ្តល់កម្លាំងចិត្តដល់នាងយ៉ាងខ្លាំងក្លា ដែលធ្វើឱ្យនាងរំភើបចិត្តរហូតដល់ចង់ស្រកទឹកភ្នែក ។ លីវ ជីលី បាននិយាយថា « ពេលនេះខ្ញុំនិងគូស្នេហ៍ត្រូវបែកគ្នាជិតមួយខែ ពួកយើងពិតជានឹករលឹកគ្នាខ្លាំង ព្រោះមិនដែលបែកគ្នាយូរបែបនេះទេ តែគាត់ពិតជាបារម្ភពីខ្ញុំណាស់ គាត់តែងតែផ្តល់កម្លាំងចិត្ត ការលើកទឹកចិត្ត និងធ្វើអ្វីគ្រប់ បែបយ៉ាងដល់ខ្ញុំ សូម្បីតែពេលខ្ញុំជួបការលំបាក គាត់នៅក្បែរខ្ញុំគ្រប់ពេល ហើយកាន់ដៃខ្ញុំជាប់ មិនលែងឡើយ » ។
ចំណងស្នេហ៍ លីវ ជីលី កាន់តែផ្អែមល្ហែមឡើង ប៉ុន្តែនៅពេលដែលសួរពីរឿងរៀបការ នាងបែរជានិយាយថា រឿងរៀបការសុំទុកមួយដុំ ព្រោះនាងចង់ទទួលបានជោគជ័យក្នុងអាជីពសិល្បៈសិន មុននឹងសម្រេចចិត្តរៀបការ ចំណែកគូស្នេហ៍ក៏មិនបានបង្ខំនាងពីរឿងរៀបការដែរ ដោយសារម្នាក់ៗសុទ្ធតែមានទិសដៅរៀងៗខ្លួន ៕