ពពោះកូនទី២ តូតា កាន់តែស្ងាត់ពីសិល្បៈទៅសំងំកើបលុយលើអាជីវកម្មលក់គ្រឿងអលង្ការ

ចាប់តាំងពីរៀបការរួចតារាសម្តែង និង បង្ហាញម៉ូដ តូតា បានបាត់មុខឈឹងពីឆាកសម្តែង និង អាជីពបង្ហាញម៉ូដ ពីព្រោះនាងបានយកកូភ្លាមៗបន្ទាប់ពីរៀបការរួច ។ ពេលនេះ តូតា កំពុងពពោះកូនទី ២ ផងដែរ ដែលជាហេតុធ្វើឱ្យនាងកាន់តែឃ្លាតឆ្ងាយពីសិល្បៈ ប៉ុន្តែមិត្តសិល្បៈជាច្រើននិយាយថា តារាសម្តែងរូបនេះអាចនឹងឈប់ពីសិល្បៈ ពីព្រោះនាងមានអាជីវកម្មជាច្រើនកន្លែងដែលទទួលបានប្រាក់ចំណួលរាប់រាប់ម៉ឺនដុល្លារកក្នុងមួយខែៗ ។

ថ្វីដ្បិតតែមិនប្រកបអាជីពសិល្បៈដូចមុន តូតា ក៏មិនខ្វល់ពីរឿងប្រាក់ចំណូលដែរ ព្រោះក្នុងមួយខែៗ នាងអាចរកប្រាក់ចំណូលពីការងាររកស៊ីលក់គ្រឿងអលង្ការ និង ការងារផ្សេងៗទៀត ដែលទទួលបានប្រាក់ចំណូលច្រើនជាងការងារសិល្បៈ ។ មានអ្នកសិល្បៈជាច្រើនសរសើរពីព្រេងសំណាងរបស់ តូតា ថា បន្ទាប់ពីនាងរៀបការ ជីវិតនាងរស់នៅដូចព្រះនាង មិនដែលស្គាល់ពាក្យថាលំបាក នាងទទួលបានការស្រឡាញ់ថ្នាក់ថ្នមគ្រប់បែបយ៉ាងពីស្វាមី ។

មកទល់ពេលនេះ តូតា មានផ្ទៃពោះ ៧ ខែហើយ នាងកាន់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីស្វាមីខ្លួនទ្វេដង ជាក់ស្តែងស្វាមីមិនឱ្យនាងធ្វើការងារអ្វីទាំងអស់ ក្រៅពីនៅផ្ទះថែទាំសុខភាព និង មើលកូន ប៉ុន្តែសម្រាប់ តូតា វិញ មិនចេះនៅស្ងៀមឡើង នាងតែងតែទៅមើលការខុសត្រូវនៅហាងលក់គ្រឿងអលង្ការរបស់ខ្លួន និងឆ្លៀតពេលទំនេរនាងនាំគ្រួសារទៅដើរលំហែកាយនៅតាមខេត្តក្រុងនានា ជាពិសេសនាងឧស្សាហ៍ទៅខេត្ត កំពត ញឹកញាប់បំផុតដោយសារនាងមាន រីសត នៅទីនោះត្រូវមើលខុសត្រូវ ។

ជីវភាព តូតា កាន់តែល្អប្រសើរឡើង ទោះបីជានាងមិនប្រកបអាជីពសិល្បៈក៏ជីវិតនាងរស់ស្រួលដែរ តែទោះជាយ៉ាងនេះក្តី តូតា នៅតែរំពឹងថា នាងនឹងវិលត្រឡប់មកកាន់វិថីសិល្បៈវិញ ក្រោយពេលសម្រាលកូនទី ២ រួច ពីព្រោះអាជីពនេះគឺបានធ្វើឱ្យនាងមានការកេរ្តិ៍ឈ្មោះមកដល់សព្វថ្ងៃនេះ នាងនៅតែស្រឡាញ់ និងចង់បន្តអាជីពនេះដូចមុនដដែល ៕