មិត្តភក្តិជាច្រើនបានរៀបការជាបន្តបន្ទាប់ ធ្វើឱ្យតារាស្រី រ៉េត សារីតា នៅមិនសុខទេ នាងត្រៀមនឹងរៀបចំពិធីមង្គលការរបស់ខ្លួនឱ្យផ្អើលពិភពសិល្បៈនៅបំណាច់ឆ្នាំ ២០២៣ ខាងមុខនេះ ។
ងិន ម៉ារ៉ាឌី ដែលជាអតីតបវរកញ្ញាចក្រវាឡ កម្ពុជា ឆ្នាំ ២០២១ ទើបតែរៀបការមិនបានប៉ុន្មានផង ស្រាប់តែពេលនេះ រ៉េត សារីតា ត្រៀមនឹងមានដំណងល្អជាបន្តទៀតផងដែរ ខណៈពេលដែល តារាស្រី រឿន ណាត ក៏ជិតមានដំណឹងល្អដូចគ្នា ។
កញ្ញា រ៉េត សារីតា នៅពុំទាន់បញ្ជាក់ច្បាស់ពីពេលវេលារៀបចំពិធីមង្គលការរបស់ខ្លួនជាមួយគូស្នេហ៍បរទេស ឱ្យទស្សនិកជនបានដឹងលឺនៅឡើយទេ ដោយសារនាងចង់ឱ្យមានការភ្ញាក់ផ្អើល ដូចជាមង្គលការរបស់ ងិន ម៉ារ៉ាឌី ផងដែរ ។
គ្រាន់តែលឺដំណឹងថា រ៉េត សារីតា ត្រៀមខ្លួនធ្វើជាកូនក្រមុំក្នុងពេលឆាប់ៗខាងមុខ បានធ្វើឱ្យមិត្តភក្តិជាច្រើនផ្ញើសារជូនពរ និងចង់ឃើញនាងក្នុងឈុតកូនក្រមុំឆាប់ សូម្បីតែអតីតបវរកញ្ញាចក្រវាឡ កម្ពុជា ឆ្នាំ ២០២១ ងិន ម៉ារ៉ាឌី ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមមង្គលការរបស់នាង ។
មកទល់ពេលនេះមានរយៈពេល ៣ ឆ្នាំហើយដែល រ៉េត សារីតា បង្ហាញពីទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយគូស្នេហ៍ខ្លួនឱ្យទស្សនិកជនបានដឹងលឺជាសាធារណៈ ជាពិសេសរាល់ពេលទៅចូលរួមកម្មវិធីជប់លៀងតូចធំនានា នាងតែងតែបណ្តើរគូស្នេហ៍ទៅចូលរួមមិនដែលខាន ដែលធ្វើឱ្យទំនាក់ទំនងនាងនិងគូស្នេហ៍ កាន់តែផ្អែមល្ហែមឡើង ។
មង្គលការរបស់ រ៉េត សារីតា ត្រូវបានមិត្តភក្តិជាច្រើននិយាយថា នាងនឹងរៀបចំឡើងយ៉ាងធំដុំ និងអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ដោយមិនឱ្យចាញ់មិត្តរួមជំនាន់ឡើយ ពីព្រោះនាងក៏ជាតារាល្បី និងមានមិត្តភក្តិសិល្បៈច្រើនផងដែរ ៕