រឿងរ៉ាវ កក្កដា សុភ័ណ្ឌ ត្រូវបានក្រុមហ៊ុនដកតំណែងពីកម្មវិធី Miss Fabulous Cambodia 2023 ទើបតែបាន ៣ ថ្ងៃប៉ុណ្ណោះស្រាប់តែពេលនេះកញ្ញា ដាវីកា ត្រូវបានប្រកាសនិងជ្រើសរើសតំណាង កម្ពុជា ដើម្បីចូលរួមក្នុងការប្រកួត Miss Fabulous Cambodia 2023 នៅប្រទេស ថៃ នៅបំណាច់ខែតុលាខាងមុខ ប៉ុន្តែមុននឹងទទួលតំណែងនេះ ដាវីកា ក៏ជាបេក្ខភាពក្នុងកម្មវិធី Miss Universe Cambodia 2023 ផងដែរ ។
នៅក្នុងសន្នីសីទសារព័ត៌មានមួយនៅរសៀលថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៣ នេះ កញ្ញា ដាវីកា ត្រូវបានប្រកាសជាបេក្ខភាពតំណាង កម្ពុជា ទៅចូលរួមប្រកួតកម្មវិធី Miss Fabulous Cambodia 2023 ទៅចូលរួមប្រកួតនៅប្រទេស ថៃ បន្ទាប់ពី កក្កដា សុភ័ណ្ឌ ត្រូវបានដកតំណែង ។ ដាវីកា សុំមិននិយាយពីរឿងរ៉ាវដែលពាក់ព័ន្ធនិងការដកតំណាង កក្កដា សុភ័ណ្ឌ ពីព្រោះនោះជារឿងរបស់ក្រុមហ៊ុន ។
កញ្ញា ដាវីកា មានការតាំងចិត្តខ្ពស់ក្នុងការត្រៀមខ្លួនចេញទៅប្រកួតក្នុងកម្មវិធី Miss Fabulous Cambodia 2023 ដែលនឹងរៀបចំឡើងនៅប្រទេស ថៃ ក្នុងចុងខែតុលា ខាងមុខនេះ ពីព្រោះនាងមានការជឿជាក់ខ្លាំងលើខ្លួនឯង ជាក់ស្តែងបន្ទាប់ពីប្រកាសថា ដាវីកា តំណាងឱ្យកម្ពុជា ទៅចូលរួមប្រកួតក្នុងកម្មវិធីនេះ បានធ្វើឱ្យនាងពង្រឹងសមត្ថភាព ខាងការឆ្លើយសំណួរ ក៏ដូចជាការដើរម៉ូដ និង ការរៀបចំខ្លួនឱ្យសមជាបេក្ខភាពតំណាង កម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ ។
មុននឹងទទួលតំណែង Miss Fabulous Cambodia 2023 ដាវីកា ក៏ជាបេក្ខភាពម្នាក់ដែលបានចូលរូមប្រកួតក្នុងកម្មវិធី Miss Universe Cambodia 2023 ផងដែរ ប៉ុន្តែដើម្បីឈោងចាប់ក្តីស្រមៃខ្លួន នាងសម្រេចចិត្តដកពាក្យ និង សុំផ្អាកការប្រកួតនេះសិន ដោយសង្ឃឹមថាតាមរយៈកម្មវិធី Miss Fabulous Cambodia 2023 នឹងធ្វើឱ្យនាងមានឈ្មោះកាន់តែល្បីល្បាញ ។ កន្លងមក ដាវីកា ក៏ធ្លាប់ចូលរួមក្នុងការប្រលងបវរកញ្ញានេះជាច្រើនលើកមកហើយ ។
ឆ្នាំកញ្ញា ដាវីកា មានវ័យ ២៣ ឆ្នាំ នាងមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងអាចនិយាយបានច្រើនភាសាផងដែរ ទាំងភាសា ខ្មែរ , ថៃ , អង់គ្លេស និងភាសា បារំាង ។ នាងគឺជាកូនអ្នកខេត្ត សៀមរាប ដែលបានឆ្លងកាត់ជីវិតលំបាក និងជូរចត់ខ្លាំងទំរាំអាចឈរជើងក្នុងវិស័យនេះបាន ។ អ្នកគាំទ្រជាច្រើនបានផ្ញើសារលើកទឹកចិត្ត និងជូនពរ ដាវីកា ឱ្យជោគជ័យក្នុងការប្រកួត ៕