រកទ្រនំថ្មីជ្រកកោណមិនទាន់បាន សុខ ស្រីនាង ជះលុយរាប់ម៉ឺនដុល្លារដើរលេងក្រៅប្រទេសអស់ខ្វល់អ្វីទាំងអស់ 

បន្ទាប់ពីតារាស្រី សុខ ស្រីនាង បានបញ្ចប់កុងត្រាជាមួយផលិតកម្មចាស់របស់ខ្លួន បានធ្វើឱ្យជីវិតនាងស្ងាត់ឈឹងពីវិស័យចម្រៀង ដោយនាងបានចំណាយពេលវេលាហ៊ឹហារទៅលើការដើរកម្សាន្តនៅក្រៅប្រទេស និងទិញសម្ភារៈប្រ៊េនថ្លៃៗដោយមិនខ្វល់ពីអ្វីទាំងអស់ ។ តើតារាស្រីរូបនេះនឹងបញ្ចប់ជីវិតសិល្បៈរបស់ខ្លួនត្រឹមនេះឬយ៉ាងណា ? 

សុខ ស្រីនាង នៅមិនទាន់បានប្រកាសថា នាងបានចាកចេញពីទ្រនំចាស់របស់ខ្លួនឬយ៉ាងណាទេ ប៉ុន្តែតាមអ្នកស្និទ្ធជាមួយនាង បានបង្ហើបប្រាប់ថា សុខ ស្រីនាង បានចប់កុងត្រាការងារជាយូរមកហើយ តាំងពីនាងថតបទចម្រៀង ស្នេហាស្រឡាញ់ភេទដូចគ្នាជាមួយតារាចម្រៀង ឱក សុគន្ធកញ្ញា មកម្លេះ ប៉ុន្តែគ្មានអ្នកចាប់អារម្មណ៍ ។ 

មកទល់ពេលនេះតារាចម្រៀង សុខ ស្រីនាង នៅពុំទាន់រកទ្រនុំថ្មីសម្រាប់ជ្រោកកោណនៅឡើយទេ សូម្បីតែឆាកតន្រ្តី ក៏មិនមានវត្តមានរបស់នាងដែរ រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនឆ្ងល់ថា តើតារាស្រីរូបនេះបាត់មុខទៅណា ? ឬមួយនាងសម្រេចចិត្តចាកចេញពីសិល្បៈហើយ ? 

តាមពិត សុខ ស្រីនាង មានអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានទេ នៅពេលដែលចាកចេញពីទ្រនំចាស់ ប៉ុន្តែដើម្បីបន្លំនូវទុក្ខព្រួយទាំង នោះ នាងបានជ្រើសរើសការចេញទៅលំហែកាយនៅក្រៅប្រទេស ជាក់ស្តែងចុងក្រោយនេះ សុខ ស្រីនាង បានចំណាយពេលវេលាយ៉ាងច្រើនចេញទៅដើរកម្សាន្តតាមខេត្ត ក្រុងនានា ក៏ដូចជាចេញទៅបណ្តាប្រទេសតូចធំ ដូចជា ប្រទេស បារាំង អឺរ៉ុប ជប៉ុន សឹង្ហបុរី …. និង បណ្តាប្រទេសមួយចំនួនទៀត ។ 

ថ្វីដ្បិតពេលចេញទៅដើរកម្សាន្តនៅក្រៅប្រទេសអស់ប្រាក់រាប់ម៉ឺនដុល្លារក្តី តែ សុខ ស្រីនាង មិនខ្វល់ពីរឿងចំណាយឡើយ ពីព្រោះនាងទទួលបានការជួយជ្រោមជ្រែងពីគូស្នេហ៍អាថ៌កំបាំងរបស់នាង អ្វីដែលសំខាន់ធ្វើយ៉ាងណាឱ្យនាងសប្បាយចិត្ត ហើយគូស្នេហ៍នាងក៏មិនចង់ឱ្យនាងវិលត្រឡប់មកកាន់វិស័យសិល្បៈឡើងវិញដែរ ។ 

បើតាមប្រភពព័ត៌មានស្និទ្ធជាមួយ សុខ ស្រីនាង បានបង្ហើបប្រាប់ថា សុខ ស្រីនាង នៅពុំទាន់បោះបង់អាជីពសិល្បៈចោលនៅឡើយទេ គ្រាន់តែមួយរយៈពេលនេះនាងជួបរឿងមិនសប្បាយចិត្តច្រើន ទើបនាងជ្រើសរើសវិធីសាស្រ្តដើរលេងនៅក្នុងខេត្តក្រុងនានា ។ នាងនឹងវិលត្រឡប់មកវិស័យនេះវិញនៅក្នុងពេលឆាប់ៗខាងមុន ។

ចំណែកតារាស្រី សុខ ស្រីនាង វិញពុំទាន់បានឆ្លើយតបអ្វីច្រើននោះទេ នាងបានត្រឹមតែនិយាយយ៉ាងខ្លី នាងនៅតែស្រឡាញ់សិល្បៈ ៕