ប៉ុន្មានថ្ងៃចុងក្រោយនេះពិធីការិនី ណា សាឌី មានអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានទេ ដោយសារមានរឿងមួយចំនួនបានកើតឡើងចំពោះនាងជាបន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៣ ពិធីការិនីរូបនេះបានទម្លាយអាថ៌កំបាំងមួយដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តនាងយ៉ាងធ្ងន់ធ្ងរ ព្រោះតែមនុស្សជំនិត របស់ខ្លួនបានយកចិញ្ចៀនពេជ្រតម្លៃជាង ២ ម៉ឺនដុល្លារ ព្រមទាំងធ្វើឱ្យនាងអស់ទំនុកចិត្ត ។
ណា សាឌី បានរៀបរាប់សារយ៉ាងវែងអន្លាយនៅលើ ហ្វេសប៊ុក របស់ខ្លួនដែលបានរៀបរាប់ពីការបាត់បង់ទ្រព្យសម្បត្តិដែលមានតម្លៃរហូតដល់ទៅជាង ២ ម៉ឺនដុល្លារ រហូតធ្វើឱ្យមិត្តសិល្បៈជាច្រើនបាន ស៊ែរ ក៏ដូចជាផ្ញើសារលើកទឹកចិត្តឱ្យនាងរឹងមាំឡើង ពីព្រោះចាប់តាំងពីមានរឿងនេះកើតឡើងចំពោះ ណា សាឌី បានធ្វើឱ្យនាងមិនសប្បាយចិត្តប៉ុន្មានទេ រហូតនាងមានអារម្មណ៍ថា ខ្លួនមានវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរ ហើយមិនចង់ជួបមុខមិត្តភក្តិណាទាំងអស់ ។
ពិធីការិនី ណា សាឌី ផ្ទាល់ក៏បានទទួលស្គាល់ផងដែរថា តាំងពីមានរឿងនេះកើតឡើងចំពោះនាង ធ្វើឱ្យផ្លូវចិត្តនាងទន់ខ្សោយខ្លាំង មិនដឹងថា តើពេលណាទើបនាងធ្វើចិត្តបាននោះទេ ?
ណា សាឌី ជាពិធីការិនីល្បីឈ្មោះមួយរូបដែលអាចរកប្រាក់ចំណូលបានខ្ពស់គួរសមពីវិស័យនេះ នាងបានខំប្រឹងទាំងយប់ទាំងថ្ងៃ ធ្វើការងារក្នុងក្តីស្រមៃរបស់ខ្លួនដោយមិនហ៊ានឈប់សម្រាកដើម្បីសន្សំប្រាក់ទិញផ្ទះ ទិញរថយន្ត និងសំភារៈផ្សេងៗ …តែមិនគួរណានាងមកជួបរឿងបែបនេះឡើយ ព្រោះជាទ្រព្យសម្បត្តិដែលនាងខំប្រឹងរក ហើយក៏ជាចិញ្ចៀនដែលមានតម្លៃថ្លៃដែលនាងបានទិញជា លើកដំបូងសម្រាប់ខ្លួនឯង ៕