ធ្លាប់តែឃើញតារាចម្រៀង មាស សុខសោភា បង្ហាញភាពរីករាយទៅកាន់អ្នកគាំទ្រ និងអ្នកជុំវិញខ្លួន ប៉ុន្តែធាតុពិតនៅពីក្រោយខ្នង នាងទទួលរងសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ទំរាំតែរកឃើញខ្លួនឯងមកវិញ មាស សុខសោភា ស្ទើរតែស្រោចស្រង់ខ្លួនឯងមិនបាន ។
ស្ទើរតែគ្មាននរណាម្នាក់ចាប់អារម្មណ៍ថា តារាចម្រៀង មាស សុខសោភា ទទួលរងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរនោះទេ ពីព្រោះនាងជាមនុស្សរីករាយ ជាក់ស្តែងរាល់ពេលបង្ហាញមុខក្នុងកម្មវិធីម្តងៗ នាងតែងតែញញឹម និងបង្កភាពរីករាយទៅកាន់អ្នកក្បែរខ្លួន ។
មាស សុខសោភា បានទទួលស្គាល់ថា ប៉ុន្មានឆ្នាំមុននាងមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ រហូតរត់រកព្រះធម៌ដើម្បីរំងាប់អារម្មណ៍ ពីព្រោះពេលដែលរត់ទៅផ្លូវនេះធ្វើឱ្យនាងមានអារម្មណ៍ល្អឡើងវិញ ដូច្នេះហើយរាល់ពេលទៅណាមកណា នាងតែងតែយកសៀវភៅធម៌តាមខ្លួន ។ ទោះបីជានាងមានអារម្មណ៍ថា មានសម្ពាធផ្លូវចិត្តក៏ពិតមែន មិនមែនបានន័យថា នាងមានវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរណាមួយនោះទេ រូបនាងផ្ទាល់ក៏មិនបានដឹងថា អារម្មណ៍នោះវាកើតឡើងមកពីអ្វីដែរ ? ទាំងដែលស្វាមីក៏ល្អ ក្នុងគ្រួសារក៏មិនដែលមានរឿង ប៉ុន្តែប្រហែលជាដោយសារសម្ពាធការងារក៏ដូចអាយុរបស់ខ្លួនហើយមើលទៅ ។
ក្នុងចន្លោះពេលដែល មាស សុខសោភា មានសម្ពាធផ្លូវចិត្ត នាងក៏បានស្រកគីឡូខ្លាំង រហូតធ្វើឱ្យ អ្នកគាំទ្រជាច្រើនមានការព្រួយ បារម្ភចំពោះនាង តែទោះជាយ៉ាងនេះក្តី មាស សុខសោភា បានបញ្ជាក់ប្រាប់ថា មានកត្តាជាច្រើនដែលធ្វើឱ្យនាងស្រកគីឡូ ប៉ុន្តែកត្តាធំជាងគេ គឺនាងតមមិនញុំាអាហារដែលមានជាតិសាច់ ភាគច្រើននាងញុំាបន្លែ និងផ្លែឈើ ព្រមទាំងហាត់ប្រាណជាប្រចាំដើម្បីបានរាងស្លីមស្អាត ។
ពេលនេះសុខភាពផ្លូវចិត្តរបស់ មាស សុខសោភា បានវិលត្រឡប់មកល្អដូចដើមវិញហើយ នាងមិនមានអារម្មណ៍សម្ពាធផ្លូវចិត្តដូចមុនទៀតទេ ប៉ុន្តែមុននឹងឈានមកដល់ដំណាក់កាលនេះ គឺនាងឆ្លងកាត់ការលំបាកជាច្រើន ទំរាំតែរកឃើញខ្លួនឯងមកវិញ ។
មាស សុខសោភា បានចំណាយពេលវេលាច្រើនជាមួយស្វាមីរបស់ខ្លួន ហើយឆាប់ៗខាងមុខនាងនិងហោះទៅជួបកូនប្រុសជាទី ស្រឡាញ់ដែលទើបទទួលសញ្ញាប័ត្រកាលពីពេលថ្មីៗនេះនៅលើទឹកដី សហរដ្ឋអាមេរិក ៕