បង្ហាញស្នាមមេដៃលែងលះគ្នាជាមួយស្វាមីក្តៅៗ តែ គឹម លីហ្សា នៅតែបណ្តើរស្វាមីចូលរួមកម្មវិធី និងទៅធ្វើបុណ្យចែកទានរួមគ្នា ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង

ទើបតែបង្ហាញស្នាមផ្តិតមេដៃលែងលះជាមួយស្វាមីមិនបានប៉ុន្មានផង ស្រាប់តែ គឹម លីហ្សា បណ្តើរស្វាមីខ្លួនទៅចូលរួមកម្មវិធីផ្សេងធ្វើព្រងើយ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង សូម្បតែមិត្តសិល្បករ ក៏មានភ្ញាក់ផ្អើលចំពោះរឿងនេះផងដែរ ។

នេះមិនមែនជាលើកទី ១ នោះទេដែលតារាស្រី គឹម លីហ្សា បង្ហាញពីការបែកបាក់របស់ខ្លួនជាមួយស្វាមីដែលរស់នៅប្រទេស អូស្រ្តាលី ជាក់ស្តែងប៉ុន្មានឆ្នាំមកហើយនាងតែងតែបង្ហាញអារម្មណ៍ មិនសប្បាយចិត្តជាមួយស្វាមី និងប្រកាសបែកគ្នាញឹកញាប់បំផុត ប៉ុន្តែចុងក្រោយនៅតែឃើញ នាង និងស្វាមីបណ្តើរគ្នាត្រសងទៅចូលរួមកម្មវិធីផ្សេងៗ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ នាងបានធ្វើបុណ្យចែកទានដល់អ្នកក្រីក្រជាមួយមិត្តភក្តិ រួមទាំងទៅចូលរួមកម្មវិធីជប់លៀងនានារបស់មិត្តភក្តិ ធ្វើហាក់បីដូចជាគ្មានរឿងអ្វីកើត ឡើង ។ 

កន្លងមក គឹម លីហ្សា ធ្លាប់បានប្រាប់ថា នាងពិតជាចង់លែងលះជាមួយស្វាមីរបស់នាងយ៉ាងពិតប្រាកដមែន ប៉ុន្តែម្តងជាពីរដង នៅតែលែងមិនដាច់ ។ ចំណែកលើកនេះនាងសុំមិននិយាយអ្វីទាំងអស់ បើទោះបីជានាងនិងស្វាមីបានត្រូវរ៉ូវគ្នាវិញក្តី ។ 

មិនដឹងថាលើកនេះ គឹម លីហ្សា និងលេងក្បាច់អ្វីទៀតនោះទេ ភាគច្រើនទស្សនិកជនគិតថា គឹម លីហ្សា ប្រកាសលែងលះ គឺធ្វើឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន តែកន្លងមកនាងនិងស្វាមីធ្លាប់មានរឿងរកាំរកូសច្រើន ព្រោះតែបញ្ហាប្រចណ្ឌ ហើយស្វាមីចង់ឱ្យនាងទៅរស់នៅ អូស្រ្តាលី វិញ តែនាងមិនព្រម ។ 

ពេលនេះ គឹម លីហ្សា ក៏បានវិលត្រឡប់មកកាន់វិស័យសម្តែងវិញដែរ ក្រោយបោះបង់អាជីពនេះអស់ជាច្រើនឆ្នាំ ហើយពេលនេះនាងកំពុងលេចមុខជាមួយក្រុមកំប្លែកនាយ ពែកមី ក្នុងរឿងកំប្លែងនានា ជាពិសេសនាងតែងតែថតរឿងខ្លីៗដាក់លើ ហ្វេសប៊ុក របស់ខ្លួន ដើម្បីផ្សព្វផ្សាយពីការងាររកស៊ីរបស់ខ្លួនផង ។

គឹម លីហ្សា មិនទាន់មានគម្រោងនឹងចេញទៅរស់នៅប្រទេស អូស្រ្តាលី វិញនៅពេលណាមួយនោះទេ ដោយសារនាងជាប់រវល់ជាមួយមុខរបររកស៊ីជាច្រើនរបស់ខ្លួន ហើយនាងក៏បានដាក់កូនទាំងពីរឱ្យចូលរៀនទាំងភាសា ខ្មែរ និង ភាសា អង់គ្លេស ៕